ភ្នំពេញ៖ អ្នកជំនាញចិញ្ចឹមមាន់បានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនតាមបច្ចេកទេសត្រឹមត្រូវ បានជួយកាត់បន្ថយចំណាយថ្លៃដើម និងមិនប៉ះពាល់ដល់ប្រសិទ្ធភាពគុណភាពផលិតកម្មនោះឡើយ ដែលជួយឱ្យកសិករទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ លោ កស្រី ពុត សុជា កសិករជោគជ័យចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ថានភាពវិបត្តិបច្ចុប្បន្ន បានធ្វើឱ្យចំណូលផលិតកម្មមាន់ស្រែយកកូនរបស់គ្រួសារគាត់មានការធ្លាក់ចុះបន្តិច ប៉ុន្តែកត្តានេះក៏បានធ្វើឱ្យគាត់រកឃើញពីវិធីសាស្ត្រកាត់បន្ថយចំណាយថ្លៃដើម ដែលមិនប៉ះពាល់ដល់ប្រសិទ្ធភាព គុណភាពផលិតកម្មនោះទេ ។
លោកស្រីបានបន្តថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញជាបន្តបន្ទាប់ ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមមាន់ស្រែភ្ញាស់យកកូននេះមក លោកស្រីក៏បានបញ្ចូលបច្ចេកទេសពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់កាត់បន្ថយកម្លាំងពលកម្ម , បង្កើនចំណីផ្សំដែលមានក្នុងស្រុកដោយកាត់បន្ថយចំណីបាវ , ប្រើលក្ខណៈសាមញ្ញតែប្រសិទ្ធភាពសម្រាប់កាត់បន្ថយការប្រើចរន្តអគ្គិសនីក្នុងការកម្តៅកូនមាន់ , និងរកឃើញវិធីសាស្ត្របង្កើនប្រសិទ្ធភាពទូរភ្ញាស់ដែលធ្វើឱ្យអត្រាញាស់កើនឡើង ជាពិសេសបង្កើនការផ្សព្វផ្សាយស្វែងរកដៃគូទិញកូនមាន់ឱ្យបានផុសផុល ជាដើម ។ « ដើម្បីអនុវត្តបានជោគជ័យទី១ យើងត្រូវមើលទីកន្លែងពេលមានអាកាសធាតុល្អ ដីមិនលិចទឹក មិនក្ដៅពេក មិនត្រជាក់ពេក ហើយទី២យើងត្រូវចេះជ្រើសរើសពូជ ពូជណាដែលល្អសមស្របទៅតាមទីកន្លែងរបស់យើង សមស្របទៅនឹងអាកាសធាតុ ហើយមួយទៀត គឺការផ្តល់ចំណីគឺយើងត្រូវចេះផ្ដល់ចំណីវាឱ្យបានត្រឹមត្រូវ មានពេលវេលាឱ្យបានត្រឹមត្រូវ ដោយមានបច្ចេកទេសពីខាងមន្ទីរកសិកម្មបានបង្រៀន » ។
លោក សេង សោភា ប្រធានផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនរបស់ប្រជាកសិករ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម បានចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ដូចជាការសាងសង់ទ្រុង ការជ្រើសរើសពូជ ការផ្សំចំណី និងបានតាមដានជាប់ជាប្រចាំពី ការថែទាំ ការចាក់វ៉ាក់សាំងការពារជំងឺ ជាដើម ដើម្បីឱ្យគាត់យល់ដឹងកាន់តែច្បាស់ពីការចិញ្ចឹមឱ្យទទួលបានជោគជ័យ ។ សំឡេង ៖ « ការចុះបង្រៀននេះគឺខាងការិយាល័យរបស់ខ្ញុំ បានចុះបង្រៀនបណ្ដុះបណ្ដាលវគ្គខ្លីៗ ហើយយើងក៏មានការតាមដានចាប់តាំងពីការចិញ្ចឹម ការចាក់វ៉ាក់សាំង ពីរបៀបលាយចំណី តាំងពីរបៀបថែទាំទាំងអស់ ទៅតាមបច្ចេកទេសរបស់ជំនាញយើង គឺយើងបានបង្រៀនគាត់អស់ហើយ នៅពេលដែលវាធំហើយនោះ គឺមានចងក្រងឱ្យមានអ្នកទិញ-អ្នកលក់គឺមិនចោលទេ »។ សូមបញ្ជាក់ថា លោកស្រី ពុត សុជា មានមេមាន់ភ្ញាស់យកកូនចំនួន៤០០ក្បាល ដោយអាចពងបានប្រហែល១៥០០ពងក្នុង១ខែ ដែលពងមាន់មិនមានមេជីវិតមានតម្លៃ២០០០រៀល និងកូនមាន់មានអាយុ៣សប្តាហ៍មានតម្លៃ៦០០០រៀល ៕
ប្រភព៖ ក្រសួងព័ត៌មាន