សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​យក​វិធានការ​ពលរដ្ឋ​ត្រូវ​មាន​វ៉ាក់សាំង​យ៉ាងតិច​៣​ដូ​ស​ក្នុង​ខ្លួន ដើម្បី​ងាយស្រួល​ដល់​ការ​បើក​ប្រទេស​គ្មាន​ការ​ត្រឡប់​ក្រោយ​នូវ​ការ​បើក​សេដ្ឋកិច្ច​-​សង្គម

0

ភ្នំពេញ៖ នៅថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​យក​វិធានការ​ធ្វើ​យ៉ាងណា​ប្រជាពលរដ្ឋ​ត្រូវ​មាន​វ៉ាក់សាំង​យ៉ាងតិច​៣​ដូ​ស ក្នុង​ខ្លួន​គ្រប់​ៗ​គ្នា ដើម្បី​បង្កើត​នូវ​ភាពស៊ាំ​សហគមន៍​ឱ្យ​បាន​កាន់តែ​ខ្ពស់ ក៏​ដូច​ជា ឈាន​ឆ្ពោះទៅ​រក​ការ​បន្ធូរបន្ថយ​ទាំងស្រុង ឬ​មួយ​ផ្នែក​ធំ​នៃ​វិធានការ​សុខាភិបាល និង​ងាយស្រួល​ទៅ​ដល់​ការ​បើក​ទាំងស្រុង​ដោយ​គ្មាន​ការ​ត្រឡប់​ក្រោយ​នៃ​ការ​បើក​សេដ្ឋកិច្ច​-​សង្គម ឡើង​វិញ​នោះ​។

ក្នុង​សារ​ពិសេស​ជា​សំឡេង នា​រសៀល​ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ចាប់តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ហូត​ម​ដល់​ពេល​នេះ យើង​បាន​ពិនិត្យ​ឃើញ​ថា ភាពស៊ាំ​សហគមន៍ បាន​នាំ​ទៅ​ដល់​កម្រិត​នៃ​ការ​ឆ្លង​តិចតួច​តាំងពី​មុន​ចូល​ឆ្នាំ​រហូត​មក​ដល់​ក្រោយ​ចូល​ឆ្នាំ​នៅ​ត្រឹម​ថ្ងៃនេះ ពុំ​មាន​សញ្ញា​ណា​នៃ​ការ​កើនឡើង​នៃ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​នោះ​ទេ​។ បន្ទាប់​ពី​ការ​ប្រកាស​ឱ្យ​ខេត្ត​ចំនួន​៤ បាន​សម្រេចចិត្ត​ដោយ​ប្រជាជន​ខ្លួនឯង​ថា ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​ដែល​មិនមែន​ជា​កាតព្វកិច្ច​ទៀត​នោះ យើង​កំពុង​តែ​ពិនិត្យ​អំពី​ការ​ដាក់​បន្ថែម​នៅ​ខេត្ត ឬ​ដែនដី​ក្នុង​ខេត្ត​ខ្លះ​ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​របស់​យើង ទៅ​លើ​ការ​ទិញ​ម៉ាស​សម្រាប់​ការ​ពាក់​។ វិធានការ​អស់ទាំង​នេះ វា​សំខាន់​ក៏​បាន​មក​ពី​ភាពស៊ាំ​សហគមន៍ តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បាន​២​ដូ​ស​រួចរាល់​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា «​ប៉ុន្តែ​អ្វី​ដែល​ជា​តម្រូវការ​ដើម្បី​ឈាន​ទៅ​សម្រេច​នៃ​ភាពស៊ាំ​សហគមន៍ និង​ដើម្បី​កាត់​បន្ថយ​នៅ​ការ​បន្ធូរបន្ថយ​នូវ​វិធានការ​សុខាភិបាល ដូច​ជា​បញ្ហា​ការ​ជួបជុំ ឬ​បញ្ហា​ការ​ពាក់​ម៉ាស​ជាដើម សំខាន់​ស្ថិត​នៅ​លើ​ភាពស៊ាំ​សហគមន៍​ដោយ​វ៉ាក់សាំង ហើយ​ដែល​ខ្ញុំព្រះករុណា ខ្ញុំ សូម​ប្រកាស​យក​វិធានការ​ធ្វើ​យ៉ាងណា​ប្រជាជន​កម្ពុជា​ហោច​បំផុត​ឱ្យ​មាន​វ៉ាក់សាំង​៣​ដូ​ស​ក្នុង​ខ្លួន​គ្រប់​ៗ​គ្នា​»​។ សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ វ៉ាក់សាំង​ដូ​ស​ទី​៣​ទើបនឹង​ចាក់​បាន​ចំនួន​ជាង ៨​លាន​នាក់​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​នៅ​មានការ​ខ្វះខាត​ចំនួន​ប្រមាណ​ជាង​៦​លាន​នាក់​ទៀត​ដែល​យើង​ត្រូវការ​ចាក់​។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ណែនាំ​ចំពោះ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ដើម្បី​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន នោះ​គឺ​ពាក់ព័ន្ធ​ជាមួយនឹង កម្មករ កម្មការិនី នៅ​តាម​រោងចក្រ កម្មករ កម្មការិនី សំណង់ អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ ក៏​ដូច​ជា អាជីវករ អ្នក​លក់ដូរ​នៅ​តាម​ផ្សារ ជាដើម ដែល​ងាយ​នឹង​ឆ្លង ដោយ​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​អ្នក​ទាំងនោះ​។ សម្ដេច​តេ​ជោ​អះអាង​ថា ធ្វើ​យ៉ាង​ដូច្នេះ គឺ​យើង​នឹង​បង្កើត​បាន​នូវ​ភាពស៊ាំ​សហគមន៍​បាន​កាន់តែ​ខ្ពស់ ការ​លើកលែង​អំពី​ការ​ប្រើ​ម៉ាស់ និង​តម្រូវការ​មួយ​ចំនួន​ផ្សេង​ទៀត ទាក់ទង​ជាមួយនឹង​វិធានការ​សុខាភិបាល ក៏​ត្រូវ​បាន​បន្ធូរបន្ថយ ដែល​ជា​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​មួយ​ចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​យើង ដែល​យើង​ធ្លាប់តែ​បាន​ធ្វើ​ក្នុង​រយៈពេល​កន្លង​ទៅ ហោច​ណាស់​ក្នុង​វិធានការ ៣​កា​ពារ និង​៣​កុំ ជា​ពិសេស​៣​ការពារ យើង​អាច​ដកហូត​បាន​នូវ​ការ​ពាក់​ម៉ាស់ ឬ​ក៏​អាច​នឹង​ការ​កាត់​ប​បន្ថយ​គម្លាត អំពី​បញ្ហា​គម្លាត វា​មានការ​ចាំបាច់ ឬ​មិន​មានការ​ចាំបាច់​យ៉ាងណា​នោះ វា​ក៏​អាស្រ័យ​ទៅ​លើ​បញ្ហា​ទាក់ទិន​ជាមួយនឹង​រឿង​ភាពស៊ាំ​សហគមន៍​។

សម្ដេច​តេ​ជោ​បាន​ថ្លែង​បញ្ជាក់​ថា «​យើង​បានឃើញ​ថា​ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​នេះ បងប្អូន​យើង​ប៉ះពាល់​គ្នា​ច្រើន​ណាស់ ក៏​ប៉ុន្តែ​មិន​មានការ​ឆ្លង​ទេ​។ អីចឹង​ទេ បញ្ហា​វិធានការ​ផ្នែក​សុខាភិបាល ខ្ញុំ​ទុក​ជូន​ផ្នែក​សុខាភិបាល​ធ្វើការ​ណែនាំ​បន្តបន្ទាប់​ពី​ការ​ដក​ម៉ាស​ចេញ​ហើយ​នោះ​»​។ សម្ដេច​តេ​ជោ​ថ្លែង​សង្កត់ធ្ងន់​ថា​« ប៉ុន្តែ​អ្វី ដែល​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង មិន​ថា​កម្មករ កម្មការិនី​ទេ ប្រជាជន​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជា​ការ​ចាំបាច់ នេះ​ជា​ការ​តម្រូវ​ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការ​បន្ធូរបន្ថយ​ទាំងស្រុង ឬ​មួយ​ផ្នែក​ធំ​នៃ​វិធានការ​សុខាភិបាល សម្រាប់​ការពារ​ការ​ឆ្លង​នូវ​ជំ​កូ​វី​ដ​១៩»​។ សម្ដេច​តេ​ជោ​បាន​ស្នើ​ឱ្យ​លោក​ជំទាវ ឱ វណ្ណ​ឌី​ន សហការ​គ្រប់​កម្លាំង​ទាំងអស់​បើក​យុទ្ធនាការ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​កម្មករ កម្មការិនី នៅ​គ្រប់​រាជធានី ខេត្ត ដែល​មាន​រោងចក្រ​សហគ្រាស ដែល​មាន​កម្មករ​សំណង់ និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដែល​រកស៊ី​ទាំងឡាយ​ណា ដែល​ងាយ​រង​នៅ​ហានិភ័យ ធ្វើ​យ៉ាងម៉េច​ឱ្យ​ពួក​គាត់​បាន​ដូ​ស​ទី​៣ ជា​ចាំបាច់ ហើយ​បើសិនជា​គាត់​បាន​ទទួល​ដូ​ស​ទី​៤ ក៏​កាន់តែ​ប្រសើរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​សំណូមពរ​អប្បបរមា​របស់​សម្ដេច​គឺ​សំណូមពរ​ដ៏​ទាប​បំផុត​នោះ គឺ​ដូ​ស​ទី​៣​។ សម្ដេច​តេ​ជោ​បាន​បន្ថែម​ថា «​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​ស្ម័គ្រចិត្ត​មក​ចូល​ចាក់​វ៉ាក់សាំង ហើយ​អ្នក​ដែល​ត្រូវ​ចាក់ ខ្ញុំ​បាន​ណែនាំ​លោក​ជំទាវ ឱ វណ្ណ​ឌី​ន អំពី​ការ​អនុវត្ត​វិធានការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន ទោះបី​ថា​ពេលវេលា​មិន​ទាន់​គ្រប់ ក៏​យើង​អាច​ចាក់​បាន ដើម្បី​យើង​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​អ្វី​ដែល​យើង​មាននៅ​ក្នុង​ដៃ ដើម្បី​ពង្រឹង​ភាពស៊ាំ​សហគមន៍ និង​ដើម្បី​ងាយស្រួល​ទៅ​ដល់​ការ​បើក​ទាំងស្រុង ហើយដោយ​គ្មាន​ការ​ត្រឡប់​ក្រោយ​នូវ​ការ​បើក​សេដ្ឋកិច្ច​-​សង្គម ក្នុង​ពេលវេលា​ដែល​យើង​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩»​។

សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា យើង​មិន​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​ច្រើន​ទេ ដូច្នេះ​យើង​អាច​ជំរុញ​ដំណើរការ​របស់​យើង​ទៅ​មុខ​ទៀត​បាន​សំខាន់​គឺ​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​យើង​ទទួលយក​វ៉ាក់សាំង​។ បន្ថែម​ជាមួយ​គ្នា​នេះ គឺ​ការ​ចាត់ចែង​ពី​គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​ប្រទេស គឺ​ប្រើប្រាស់​កម្លាំង​ឱ្យ​ត្រូវ ដើម្បី​យុទ្ធនាការ​ចាក់​វ៉ា​ក​សាំ​ដូ​ស​ទី​៣​នេះ​ទទួល​បាន​ជោគជ័យ ដោយ​យកចិត្តទុកដាក់​សម្រាប់​និស្សិត យុវវ័យ សិស្សានុសិស្ស និង​កុមារ​។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​វ៉ាក់សាំង​យ៉ា​តិច​៣​ដូ​ស​នៅ​ក្នុង​ខ្លួន ដើម្បី​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន