ផឹកស្រា​ស្រវឹង បែកគំនិត យក​កាំបិត​អារ​.​ក​ខ្លួនឯង

0

មណ្ឌលគិរី ៖ បុរស​ម្នាក់​មាន​សតិ​មិន​គ្រប់​ស្រវឹងស្រា បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ៣​រោច ខែចេត្រ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ភូមិ​ដើម​ស្រល់ ឃុំ​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស សហការ​ផ្នែក​ជំនាញ​ក្រុង​សែន​មនោ​រម្យ​និង​ប៉ុស្តិ៍​មនោ​រម្យ និង​ចូលរួម​ដោយ​លោកគ្រូ​ពេទ្យ ក្រុមប្រឹក្សា​សង្កាត់ បាន​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព ។

ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​និង​ប្រមូល​ព័ត៌មាន សាក្សី​ជុំវិញ​ហេតុការណ៍ សមត្ថកិច្ច​សន្និដ្ឋាន​ថា សាកសព​ជន​រង​គ្រោះ​ឈ្មោះ ឆ​ន ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ពិតជា បាន​ធ្វើ​អត្តឃាត​អារ​.​ក សម្លាប់​ខ្លួន​ប្រាកដ​មែន ។ មូលហេតុ ដោយសារ​ជន​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី ក្រោម​ឥទ្ធិពល​ស្រវឹងស្រា ។

ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ