ចុះ​ពិនិត្យ​ទីតាំង KTV មួយ​កន្លែង ក្រោយ​ទទួល​ដំណឹង​ថា​មាន​បម្រើ​សេវាកម្ម​ផ្លូវភេទ

0

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​គណនី​ហ្វេ​ស​បុក សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ចូល​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល មាន​ខ្លឹមសារ​ថា ៖ មាន KTV មួយ​កន្លែង​នៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្លាក​យីហោ​នាគ​ក្រហម លួចលាក់​បម្រើសេវា​ផ្លូវភេទ​ដោយ​មិន​ខ្លាច​ច្បាប់​បន្តិច​សោះ ផ្តល់​ទីតាំង​ឲ្យ​ស្រី​ៗ​រួម​ភេទ​អ​ញ្ចឹ​ង​តើ​ខុសច្បាប់​អត់​បង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ បាន​បញ្ជា​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ ។

ជា​លទ្ធផល ៖ នៅ​ថ្ងៃ​អង្គារ ១៤​កើត ខែមាឃ ឆ្នាំឆ្លូវ​ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប បាន​ចុះ​ដល់ទី​តាំងហាង ខារ៉ាអូខេ ដែល​មាន​ស្លាក​យីហោ នាគ​ក្រហម ដែល​ម្ចាស់​ទីតាំង​មានឈ្មោះ គី​ម ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង និង​បាន​ធ្វើការ​អប់រំ ណែនាំ ដល់​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ​ខាងលើ ឲ្យ​បញ្ឈប់​ដាច់ខាត​ការ​លួចលាក់​ផ្តល់​ទីតាំង​បម្រើ​សេវាកម្ម​ផ្លូវភេទ និង​បង្ក​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ៕