កម្ពុជា គ្រោង​បើក​ច្រក​ទ្វា​អន្តរជាតិ “​ថ្មដា​” ជាប់​ព្រំដែន​ថៃ

0

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មួយទៀត ស្ថិត​នៅ ភូមិសាស្ត្រ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដើម្បី​បង្កើន​រំហូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​គម្រោង​សាងសង់​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា​នេះ បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹង​ថា គម្រោង​បើក​ច្រកព្រំដែន អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ​នេះ នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាព ខ្លាំងក្លា​ថែម​ទៀត​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​បើក​ច្រក​នេះ តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួម​មាន​៖ អគារ​អន្តោប្រវេសន៍ អគារ​គយ​និង​រដ្ឋាករ​សម្រាប់​ត្រួតពិនិត្យ​រួម ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ‌​‌​ឃ្លាំង​ទីលាន​កុងតឺន័រ និង​អគារ រដ្ឋបាល និង​សំណង់​អគារ​អន្តេវាសិកដ្ឋាន ដើម្បី​បើកឱកាស​ឱ្យ​បាន​ទូលំទូលាយ​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការ​បង្កើត​ការងារ​ធ្វើ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង សង្គម​ជាតិ នៃ​ប្រជាជាតិ​ទាំង​ពីរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ច្រក​ទ្វារ​អន្តរជាតិ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ជាប់​ព្រំដែន​ជាមួយ​ខេត្ត​ត្រា​ត ប្រទេស​ថៃ​។

ផែនការអភិវឌ្ឍន៍​នូវ​ច្រក​ទ្វារ​ព្រំដែន​នេះ ខណៈ​បច្ចុប្បន្ន​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ដែល​លាតសន្ធឹង​កាត់​ស្រុក​សំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូត​ដល់​ខេត្តកោះកុង ប្រវែង​ជាង​១៩៧​គីឡូ​ម់ែ​ត្រ សម្រេច​បាន​៥៦​ភាគរយ ដោយ​ផ្លូវ​នេះ មិន​ត្រឹម តែ​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ភ្ជាប់​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​កម្ពុជា និង​ប៉ូ​ល​សេដ្ឋកិច្ច​នានា​៕

ប្រភព៖ ក្រសួងព័ត៌មាន