ឃាត់ខ្លួន​មនុស្ស ៦​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់

0

ព្រះ​សីហ​នុ​៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ស្នងការដ្ឋាន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង ធ្វើ​ទារុណកម្ម​, បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​សន្និធិ​អាវុធ​ខុសច្បាប់​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៣០ ខែ មក​រា ឆ្នាំ​២០២២ វេលា​ម៉ោង​២២​និង​៣០​នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រាយការណ៍​មក​ថា ខណៈ​ដែល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ដាក់​ប៉ា​រ៉ា​ស​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរ នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7054 បើក​យ៉ាង​លឿន និង​បាន​បើក​បុក​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្ទាក់​រថយន្ត​ខាងលើ​ដើម្បី​ត្រួតពិនិត្យ ជា​លទ្ធផល​ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច​យើង​បាន​រក​ឃើញ កាំភ្លើង​ហ្គា​ស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបង​ឆក់ ២​ដើម និង ពិល​ឆក់ ៣​ដើម និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ស្រី​១​នាក់​) ជនជាតិ​វៀតណាម ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បន្ត​ថា​បន្ទាប់​ពី​ធ្វើការ​សួរនាំ បានឱ្យ​ដឹង​ថាៈ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​០៦​នាក់ (​ស្រី​១​នាក់​) បាន​ធ្វើ​សកម្មភាព​ចាប់​ឃុំឃាំង​,​ធ្វើ​ទារុណកម្ម និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ លើ​នារី​ជនជាតិ​វៀតណាម ៣​នាក់ បាន​ប្រាក់​ជាង $៣៥,០០០ (​បី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) រួច​គេច​មក​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ចាប់ខ្លួន​តែ​ម្តង​។

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ថែម​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បច្ចុប្បន្ន ភ្នំពេញ​។ ទី​២-​ឈ្មោះ NguYen Cong Danh ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ ទី​៣-​ឈ្មោះ Pham Van Thiy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរ​ឫស្សី ភ្នំពេញ​។ ទី​៤-​ឈ្មោះ Ngo Tri Ha ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ ទី​៥-​ឈ្មោះ Teunh Van Quy ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រ​សីហ​នុ​។ និង​ទី​៦-​ឈ្មោះ Le Van Chien ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរ​ឫស្សី ភ្នំពេញ ។

សម្ភារៈ​ចាប់​យក​បាន​រួម​មាន​៖ រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7054, កាំភ្លើង​ហ្គា​ស ២​ដើម​, ខ្នោះដៃ​ចំនួន​១១​គូ​, ដំបង​ឆក់​២​ដើម​, ពិល​ឆក់ ៣​ដើម​។ បច្ចុប្បន្ន​ករណី​ខាងលើ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​ស្រាវជ្រាវ​តាម​នីតិវិធី​ជំនាញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ