ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ សាំង សុផារ័ត្ន បានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ ហាងម៉ាស្សាដែលស្ថិតនៅខាងកើតផ្លូវជាតិលេខ៣ ជាកន្លែងលួចនិងបន្លំយកលុយភ្ញៀវដែលចូលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង បងម្តុំរោងចក្រអគ្គិសនីជិតផ្លូវរថភ្លើងជាងស្ដើង ខ្ញុំបាទត្រូវក្រុមនេះលួចលុយអស់1000$ និងកាស airport 1 តែក្រោយមកប៉ូលីសប៉ុស្តិ៍មកដល់ពួកគេបានអោយលុយមកខ្ញុំវិញចំនួន700$វិញ ដូចនេះពួកម៉ាស្សាបានលួចលុយខ្ញុំអស់ 300$ airport 1 ឆ្នាំងសាកទូរស័ព្ទ១ ខ្ញុំចង់ប្តឹងហើយយកកាបូបលុយទៅ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រពាំងវែង ពិនិត្យករណីខាងលើ ។
ជាលទ្ធផល៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង រួមសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក វរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មានបន្ថែម និងបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ និងបានចុះទៅដល់ទីតាំង ម៉ាស្សាកោសជប់ខាងលើ ដែលមានម្ចាស់ទីតាំងឈ្មោះ ពៅ ពិសី ភេទ ប្រុស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងដីភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយបានអញ្ជើញឈ្មោះ ពៅ ពិសី និង បុគ្គលិកចំនួន ០៦ នាក់ទៀតយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ជុំវិញករណីខាងលើ។ ក្រោយការសាកសួរឈ្មោះ ពៅ ពិសី ដែលជាម្ចាស់ទីតាំងបានសារភាពថានៅថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២២ បុគ្គលិករបស់ខ្លួនម្នាក់បានលួចលុយភ្ញៀវពិតប្រាកដមែន ក្រោយពីលួចលុយបានរួចហើយក៏គេចខ្លួនបាត់ ដោយការទទួលខុសត្រូវឈ្មោះ ពៅ ពិសី ជាម្ចាស់ទីតាំងខាងលើ បានជួយចេញប្រាក់ផ្ទាល់ខ្លួនសងប្រាក់ដែលបាត់បង់ចំនួន ១០០០$ ឲ្យទៅជនរងគ្រោះវិញ ។ ចំណែកខ្លួន និង បុគ្គលិកចំនួន០៦ នាក់ទៀតពុំពាក់ព័ន្ធក្នុងករណីខាងលើនោះទេ ហើយសមត្ថកិច្ចជំនាញបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដូចខាងលើនេះតទៅទៀត រីឯជនល្មើសកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រពាំងវែង កំពុងបន្តធ្វើការស្រាវជ្រាវដេីម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល