រក​ឃើញ​សាកសព​បុរស​ម្នាក់ ដែល​ធ្លាក់​ពី​ទូក​នេសាទ​កាលពី​ថ្ងៃ​ទី​២៣

0

ព្រះ​សីហ​នុ​៖ (​ដំណឹង​បន្ថែម​) ក្រុម​សង្គ្រោះ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ សាកសព បុរស​អ្នកនេសាទ​ម្នាក់ ដែល​ធ្លាក់​ពីលើ​ទូក​នេសាទ ទៅ​ក្នុង​ទឹកសមុទ្រ​ហើយ​បាត់​ខ្លួន ក្នុង​លម្ហ​សមុទ្រ​នោះ​ហើយ​។ លោក​ឧកញ៉ា ​ទៀ វិចិត្រ​ មាន​ប្រសាសន៍​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​អ្នកនេសាទ​រូប​នេះ បើ​ទោះជា​ក្រុម​សង្គ្រោះ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ និង​សមត្ថកិច្ច បាន​ស្វះ​ស្វែងរក​ជួយ​សង្គ្រោះ​យ៉ាងណា​ក្តី ក្រោយ​ពី​បុរស​អ្នកនេសាទ​រូប​នេះ ធ្លាក់​ពីលើ​ទូក​នេសាទ ហើយ​បាត់​ខ្លួន ក្នុង​លម្ហ​សមុទ្រ កាលពី​រសៀល​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០២២​។ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ សហការ​ជាមួយ​សមត្ថកិច្ច បាន​រក​ឃើញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ខាងកើត​កោះ​ដូង ចម្ងាយ​ប្រហែល​ជាង​៤០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

ជន​រង​គ្រោះ​មានឈ្មោះ ហ៊ូ​ត ចាន់ ភេទ​ប្រុស អាយុ​ ៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មាស សារី អាយុ ​៤៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​អំពែ​ង ឃុំ​អំពែ​ង ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

សូម​បញ្ជាក់​ថា បុរស​រង​គ្រោះ​គឺជា​កម្មករ​នេសាទ បាន​ធ្លាក់​ពីលើ​ទូក​នេសាទ ចូល​ទៅ​ក្នុង​សមុទ្រ នៅ​ចំណុច​ដាវ​លេខ​៤៣_៧៩០ ម្តុំ​ខាងក្រោយ​ឃ្លាំង​ស្តុក​ប្រេង​សូ​គី​មិច ចន្លោះ​ពាក់កណ្តាល​កោះ​ដូង ស្ថិត​នៅ​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ រួច​បាត់​ខ្លួន​។ សេចក្តីរាយការណ៍​ពី​ម្ចាស់​ទូក​ឈ្មោះ អ៊ុ​ក ស៊ិ​ន ភេទ​ប្រុស អាយុ ​៥០​ឆ្នាំ ស្នាក​នៅ​លើ​ទូក មានស្រុក​កំណើត ភូមិ​អំពែ​ង ឃុំ​អំពែ​ង ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ពួក​គាត់​បាន​ចេញ​ទៅ​នេសាទ មាន​គ្នា​ចំនួន​៣​នាក់ ហើយ​ពេល​កំពុង​នេសាទ​ក្នុង​សមុទ្រ ជន​រង​គ្រោះ​ដែល​ជា​កូនដៃ​ទូក​បាន​ធ្លាក់ទឹក​បាត់​ខ្លួន ហើយ​ភ្លាម​ៗ​ពួក​គាត់​ក៍បាន​ស្វែងរក​ដែរ ប៉ុន្តែ​មិន​ប្រទះ​ឃើញ​។

បច្ចុប្បន្ន​ក្រុម​សង្គ្រោះ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ និង​សមត្ថកិច្ច បាន​នាំ​យក​សាកសព​ជន​រង​គ្រោះ មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​ហើយ ក្នុង​នោះ​ជាមួយ​ការ​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ លោក​ឧកញ៉ា ទៀ វិចិត្រ​ ក៍បាន​ចូល​ជាប​ច្ច​យ័​បុណ្យសព​ចំនួន​១​លាន​រៀល​ផង​ដែរ ៕

ប្រភព៖ ឡេង ប៊ុននី Leng Bunny