ឆេះ​រថយន្ត​កង​វិស្វកម្ម​អស់ ២​គ្រឿង ព្រោះតែ​មូលហេតុ​មួយ​នេះ

0

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ២០២១ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ត្រង់​ចំណុច​វត្ត​ភូមិ​បឹង​ក្រឡ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល មាន​ករណី​អគ្គី​ភ័យ​ឆេះ​រថយន្ត​របស់​កង​វិស្វកម្ម​ចំនួន ០២​គ្រឿង​។

លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​រាយការណ៍ អោយ​ដឹង​ថា រថយន្ត​កង​វិស្វកម្ម​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ គឺ​រថយន្ត ទី​០១ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 3.9459 បើកបរ​ដោយ​ឈ្មោះ ប៉ុ​ល ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក ឃុំ​បឹង​ឈូក ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ (​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​) និង​រថយន្ត​ទី​០២ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេ​មរ​:​ភូមិន្ទ 3.2016 បើកបរ​ដោយ​ឈ្មោះ យ៉ា​ន់ សុផល ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រករ ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​ខូចខាត​ផ្នែក​ខាង​ក្បាល​ប្រហែល 90%)​។

តាម​ការ​សាកសួរ ឈ្មោះ ប៉ុ​ល ពន្លឺ បាន​ឲ្យ​ដឹង​ថា ខ្លួន​ទើបតែ​មក​បើករថយន្ត​បាន​រយៈពេល​១៥​ថ្ងៃ​តែ​ប៉ុណ្ណោះ នៅ​ល្ងាច​មុន​ពេល​កើតហេតុ​ខ្លួន​បាន​យក​រថយន្ត​ទៅ​ឈប់​ចត​ដាក់​ទន្ទឹម​គ្នា​ជាមួយ​រថយន្ត​ខាងលើ​ក្នុង​វត្ត​បឹង​ក្រឡ ។ ឆ្លង​តាម​ចម្លើយ​របស់​ឈ្មោះ យ៉ា​ន់ សុផល បាន​ឲ្យ​ដឹង​ថា យប់​នោះ​ខ្លួន​នៅ​ដេក​ក្នុង​រថយន្ត ស្រាប់តែ​ម៉ោង​ប្រហែល ០១​រំលង​អា​ធ្រា​ត្រ ខ្លួន​បាន​ធុំក្លិន​ឆ្ងៀម​ខ្សែភ្លើង​ឆេះ​ចេញ​រថយន្ត ដែល​ចត​ក្បែរ​និង​រថយន្ត​របស់​ខ្លួន ពេល​នោះ​ក៏​បាន​ចុះ​មក​ពិនិត្យ​ឈួ​ល​ពិល ព្រមទាំង​បើកទ្វារ​មើល​ក្នុង​រថយន្ត​នោះ​ដែរ តែ​ពុំ​មាន​ភ្លើង​ឆេះ​នោះ​ទេ (​ការ​ពិនិត្យ​មិន​បាន​ល្អិតល្អន់​ប៉ុន្មាន​នោះ​ទេ​) ខ្លួន​ក៏​បាន​ឡើង​ដេក​ក្នុង​រថយន្ត​វិញ​។ លុះដល់​ម៉ោង​ប្រហែល​ប្រហែល ០២​និង​៣០​នាទី ស្រាប់តែ​មាន​ធុំក្លិន​ឆ្ងៀម​ខ្លាំង​ឡើង​ៗ ខ្លួន​បាន​ចុះ​ពី​រថយន្ត​បានឃើញ​មាន​ហុយផ្សែង​ចេញពី​ក្បាល​រថយន្ត​នោះ​យ៉ាង​ខ្លាំង ហើយ​បាន​រត់​មក​ហៅ​អ្នក​បើករថយន្ត​ជាមួយ​គ្នា​មក​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​គ្រឿង​។

តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា ការ​ឆេះឆាប​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង ព្រោះ​រថយន្ត​នេះ​ចាស់​ហើយ​បាន​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ និង​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​សំអាង​ថា មាន​ឡានទឹក​ខ្លួនឯង​។ បច្ចុប្បន្ន រថយន្ត​ឆាបឆេះ​ទាំង​ពីរ​គ្រឿង​កំពុង​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​រង់ចាំ​ចំណាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា