ភ្នំពេញ៖ ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី០៨នាក់ ក្នុងនោះមាន០២នាក់ទើបចេញពីពន្ធនាគារ ដែលមានទាំងកាំបិទច្នៃជាប់ខ្លួនជាមុខសញ្ញាបង្កអសន្តិសុខសង្គម ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ បង្ក្រាបចាប់ខ្លួនជាមួយនឹងការដកហូតកាំបិទច្នៃ០១ដើម និងគ្រឿងញៀន០៨កញ្ចប់តូចធំ។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំងនេះកម្លាំងនគរបាលធ្វើឡើងរយៈពេល០២ថ្ងៃគឺថ្ងៃទី១៥និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដឹកនាំកបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង០៨នាក់មាន០៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនចំណែក០៥នាក់ទៀតប្រើប្រាស់គ្រឿងញៀន។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបជនដង្ស័យគ្រឿងញៀនទាំង០៨នាក់បានសម្រេចនៅពេលនេះ គឺមុនដំបូងផ្តើមឡើងកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀន០១នាក់បង្កអុកឡុកប៉ះពាល់អសន្តិសុខក្នុងមូលដ្ឋានមានឈ្មោះ សុខ វង្សកុសល រួមទាំងវត្ថុតាង គ្រឿងចំនួន០២កញ្ចប់បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដើម្បីយកមកអនុវត្តតាមនីតិវិធី។ បន្ទាប់ពីកម្លាំងជំនាញសាកសួរជនសង្ស័យនេះហើយក៏បានបន្តចុះឆែកឆេរបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ឃាត់មុខសញ្ញាជួញដូរម្នាក់ឈ្មោះ យី ណារ៉េត ភេទប្រុស ជាមួយជនសង្ស័យ ចំនួន០៥នាក់ទៀតក្នុងនោះ ស្រី០២នាក់ និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួនៈ០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួនៈ០១, កាំបិទច្នៃចំនួនៈ០១ដើមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថាបន្ទាប់ពីបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ យី ណារ៉េត នេះហើយកម្លាំងសមត្ថកិច្ច បានបន្ដ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាងរួមមានៈម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំ។ជនសង្ស័យគ្រឿងញៀនទាំង០៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ