ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ពីបទលក់ឱសថបុរាណខុសច្បាប់ និងគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់វិលថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាចំនួន០៣នាក់ ស្រី១នាក់ ធ្វើដំណើរដោយមធ្យោបាយ (ម៉ូតូ)ចំនួន០២គ្រឿង បានចុះមកផ្សព្វផ្សាយពិនិត្យនិងពិគ្រោះជម្ងឺជូនដល់ប្រជាពលរដ្ឋ នៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀង ។ ក្នុងនោះមានប្រជាពលរដ្ឋចំនួន០៤នាក់ ប្រុសចំនួន០១នាក់បានមកពិនិត្យសុខភាពដោយក្រុមជនសង្ស័យខាងលើតម្រូវអោយប្រជាពលរដ្ឋទាំង០៤នាក់បង់ថ្លៃសេវាគិតជាទឹកប្រាក់សរុបចំនួន៨៦០,០០០ ៛ (ប្រាំបីរយហុកសិបពាន់រៀលគត់) ប្រគល់មកអោយពួកក្រុមជនសង្ស័យជាថ្នូរនិងថ្នាំឱសថបុរាណប្រភេទ (ដើមផ្លែនិងឫសរុក្ខជាតិ) ផ្សេងៗក្នុងម្នាក់ៗទទួលបាន០១កញ្ចប់។ ភ្លាមនោះលោកអធិការបានគោរពរាយការណ៍ជូន ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីស្នើសុំគោលការណ៍នាំខ្លួនក្រុមជនសង្ស័យទាំងនោះ មកធ្វើការត្រួតពិនិត្យនិងសាកសួរចម្លើយ នៅចំពោះមុខសមត្ថកិច្ច ។
ជនសង្ស័យទាំងនោះរួមមាន ៖
ទី១-ឈ្មោះ រ៉េស ណា ភេទស្រី អាយុ៤១ឆ្នាំ ទី២-ឈ្មោះ ទីន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ទី៣-ឈ្មោះ រ៉េស ស្លៃម៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងបីនាក់ជាជនជាតិខ្មែរឥស្លាមរស់នៅភូមិងោក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ការដើផ្សព្វផ្សាយ ពិនិត្យសុខភាពនិងលក់ឱសថបុរាណជូនប្រជាពលរដ្ឋនេះគឺពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរ សមត្ថកិច្ចនិងស្ថាប័នជំនាញអ្វីទេ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកណ្ដៀងរយៈពេល៤៨ម៉ោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police