ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះថា Somaly Keo បានយករូបភាពតែមួយផ្នែកនៃការចូលរួមសហការអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីអន្តរាគមន៍ មកផុស ដោយមានចេតនាអាក្រក់ធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់។
តាមពិតជាក់ស្តែងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩:០០នាទីព្រឹក កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមមានផ្នែកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៌ និងកម្លាំងអន្តរាគមន៌ បានចុះអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៌ផ្លូវគោក នៅចំណុចផ្លូវលេខ៥៩២ កែងផ្លូវលេខ៣០៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងពេលអនុវត្តនោះមានអ្នកបើកបរមួយចំនួន បានប្រព្រឹត្តអំពើល្មើសចរាចរណ៌ផ្លូវគោក ដូចជាបើកបរមិនពាក់ខ្សែក្រវ៉ាត់ , ប្រើទូរស័ព្ទក្នុងពេលបើកបរ និង ជិះម៉ូតូគ្មានពាក់ស្លាកលេខ ហើយមន្ត្រីនគរបាលចរាចរណ៌ បានចេញឃាត់ តែពួកគាត់មិនឈប់ ទើបកម្លាំងផ្នែកអន្តរាគមន៌ នៅគោលដៅខាងមុខ ចេញមកជួយស្ទាក់ ឃាត់ និង ណែនាំពួកគាត់ឲ្យទៅជួបជាមួយផ្នែក ជំនាញចរាចរណ៌ ដេីម្បីធ្វេីការផាកពិន័យតាមច្បាប់ ។
សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកជនដែលយករូបភាពតែមួយផ្នែក មកផុសធ្វេីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ៕