ស្គាល់​អត្តសញាណ​ជន​រង​គ្រោះ​ស្លាប់ ដោយ​ក្រឡាប់​រថយន្ត​នៅ​កំពត​ហើយ

0

កំពត​៖ មានមនុស្ស​ចំនួន​០៧​នាក់ (កុមារ ៣នាក់) បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត ចូល​ប្រឡាយ​ទឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​)​ ដែលស្ថិត​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បែក​កង់​ (កង់កក្រោយ)​។

នេះបើយោងតាមការបញ្ជាក់របស់លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានឱ្យ​ដឹង​ថា ករណី​ខាងលើ​កើតឡើង កាលពី​វេលា ម៉ោង ២:៤៥​នាទី រសៀល ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២១ ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក កា​ម៉ា​រី​ឆ្លាម ស្លាក​លេខ តាកែវ 2A-1452 បាន​បែក​កង់​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី រួម​ទាំង​កុមារ​សរុប​ចំនួន ៧​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង ៧​នាក់ មាន​ប្រុស​៣ ស្រី​៤​នាក់ ក្នុង​នោះ ៥​នាក់ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ដែលមានឈ្មោះ៖
១. ឈ្មោះ ស្រេ ចិន្តា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​(​ប្តី​) ។
២.​ ឈ្មោះ វ៉ា​ន់ សូ​រិ​យា ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​ប្រពន្ធ​) ។
៣. ឈ្មោះ វ៉ា​ន់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១០​ឆ្នាំ​។
៤. ឈ្មោះ ស្រេ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ។
៥. ​ឈ្មោះ ស្រេ សុ​វ៉ា​ន់​លី​តា ភេទ​ស្រី អាយុ​២​ឆ្នាំ​។
ដោយឡែក​ជន​រង​គ្រោះ​ពីរ​នាក់​ទៀត រស់នៅ​ឯ​ខេត្តកំពង់ចាម​។

យោង​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុគេ​ឃើញ​រថយន្ត​រង​គ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ។ លុះមកដល់​កន្លែង​កើតហេតុ បាន​បែក​កង់​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ជុំ​គិរី​៕

ប្រភព៖ ​សហការី