ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើមន្ទីរពេទ្យខេត្ត ក្នុងការព្យាបាលជំងឺកូវីដ ចៀសវាងនាំអ្នកជំងឺដែលមិនមានការចាំបាច់ ដើម្បីមកព្យាបាលនៅទីក្រុងភ្នំពេញ ព្រោះវាបង្កើតនូវហានិភ័យសម្រាប់អ្នកជំងឺទៅវិញ។
ក្នុងសារជាសំឡេងជូនជនរួមជាតិ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា យើងបានសង្កេតឃើញថាកន្លងទៅនេះ គឺមានការបញ្ជូនអ្នកជំងឺយ៉ាងច្រើនមកកាន់ទីក្រុងភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពព្យាបាលនៅតាមខេត្ត និងនៅតាមភូមិភាគ ដែលអាចឆ្លើយតបបានជាមួយនឹងការព្យាបាល សម្រាប់ជំងឺកូវីដ១៩ ដែលបានកើតលើប្រជាពលរដ្ឋរបស់យើងនៅតាមខេត្ត។ សម្តេចតេជោបន្តថា ការៀបចំពង្រឹងសមត្ថភាពនៅតាមខេត្តនេះ គឺបានធ្វើឡើងយូរមកហើយៗ ក៏បានឆ្លើយតបជាមួយនិងការដោះស្រាយបញ្ហានៅតាមបណ្ដាខេត្ត។
សម្ដេចតេជោលើកឡើងថា ប៉ុន្តែជាទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋ មិនទាន់ទុកចិត្តទាំងស្រុងទៅលើមន្ទីពេទ្យខេត្តនោះទេ ទើបបានជាប្រជាពលរដ្ឋបានបញ្ជូនក្រុមគ្រួសារ មកកាន់ទីក្រុងភ្នំពេញដើម្បីទទួលបានការព្យាបាល។ ការបញ្ជូនអ្នកជំងឺកូវីដមកកាន់ទីក្រុងភ្នំពេញ គឺមិនមែនជាវិធីដ៏ល្អសម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺដែលជាសាច់ញ្ញាតិរបស់យើងនោះទេ។សម្ដេចតេជោលើកឡើងទៀតថា តាមការប្រជុំរបស់សម្ដេចដែលបានធ្វើជាមួយបណ្ដាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំកាលពីម្សិលមិញនេះ បានរកឃើញនូវចំណុចនេះ គឺថាមន្ទីរសុខាភិបាលរបស់ខេត្ត ឬក៏ថ្នាក់ខេត្តមិនបានចាត់បញ្ជូនអ្នកជំងឺទាំងនេះមកកាន់រាជធានីភ្នំពេញទេ ប៉ុន្តែក្រុមគ្រួសារទេដែលជាអ្នកបញ្ជូនអ្នកជំងឺមកកាន់ទីក្រុងភ្នំពេញ។ យើងអាចយល់បានថា ទីក្រុងភ្នំពេញច្បាស់ជាមានសមត្ថភាពលើសខេត្ត ប៉ុន្តែសម្រាប់ករណីកូវីដនេះយើងបានពង្រឹងអស់រយៈពេលជាងមួយឆ្នាំរួចស្រេចទៅហើយ នូវសមត្ថភាពក្នុងការពិនិត្យ និងព្យាបាលជំងឺកូវីដនៅតាមខេត្ត ហើយក៏មានការចូលរួមពីសំណាក់គ្រូពេទ្យទៅពីថ្នាក់កណ្ដាលផងដែរ។ សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្ត មកកាន់ទីក្រុងភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ។ ព្រោះតាមការស្រាវជ្រាវវិទ្យាសាស្ត្ររបស់គ្រូពេទ្យ បាបង្ហាញឱ្យឃើញថា ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយ ហើយដោយរថយន្តមានម៉ាស៊ីនត្រជាក់ទៀតផង គឺធ្វើឱ្យអ្នកជំងឺនេះមានបញ្ហាកាន់តែធ្ងន់ទៅវិញ។
សម្ដេចតេជោថ្លែងបន្តថា “ចំណុចទាំងនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិ ទុកចិត្តទៅលើមន្ទីរពេទ្យរបស់ខេត្ត ដែលយើងបានខិតខំកសាងឡើងក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើវិធីបែបនេះ គឺដើម្បីចៀសវាងការកកកុញអ្នកជំងឺ នៅទីក្រុងភ្នំពេញ ប៉ុន្តែបញ្ហានោះ ជាបញ្ហាបន្ទាប់បន្សំទេ អ្វីដែលជាបញ្ហាធំជាងគេ គឺការពារអាយុជីវិតរបស់អ្នកជំងឺដើម្បី កុំឱ្យគ្រោះថ្នាក់ដោយសារការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ទៅដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមកកាន់ទីក្រុងភ្នំពេញដោយគ្មានការចាំបាច់ ក្នុងខណៈ ដែលនៅឯខេត្តមានលទ្ធភាពក្នុងការព្យាបាលផងដែរ។”ចំពោះករណីយកសំណាកទៀតសោត សម្ដេចតេជោមានប្រសាសន៍ថា គឺមិនប្រើប្រាស់វិធីសាស្ត្រ រកឃើញម្នាក់ចាប់មនុស្សមួយភូមិឱ្យយកសំណាកនោះទេ គឺអ្នកដែលមានរោគសញ្ញាត្រូវទទួលខុសត្រូវខ្លួនឯង ដោយមករកគ្រូពេទ្យសម្រាប់ការយកសំណាក។ នៅពេលដែលគ្រូពេទ្យត្រូវបានរកឃើញថាមានវិជ្ជមាន ត្រូវពិនត្យមើលថា គួរត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬក៏ផ្ដល់ថ្នាំសម្រាប់ការព្យាបាលតាមផ្ទះ។ ការព្យាបាលតាមផ្ទះនេះទៀតសោត ក៏ត្រូវមានការចូលរួមពីបងប្អូននៅតាមភូមិជួយមើលការខុសត្រូវ ដើម្បីចៀសវាងកុំឱ្យអ្នកជំងឺនេះបាក់ទឹកចិត្ត ហើយខិតខំធ្វើឱ្យអ្នកជំងឺនេះបានឆាប់ជាសះស្បើយ ដោយមានការលើកទឹកចិត្តពីសហគមន៍ ដោយបង្កើតវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក នៃកាលៈទេសៈជំងឺកូវី និងចៀសវាងការរើសអើងចំពោះអ្នក និងក្រុមគ្រួសារដែលកើតមានជំងឺកូវីដ។ ជាងនេះទៀត ត្រូវចាត់ទុកថាអ្នកដែលមានជំងឺកូវីដ ហើយព្យាបាលជាសះស្បើយត្រឡប់ទៅវិញនេះ ក្លាយទៅជាកម្លាំងនៃការជួយការពារអ្នកដែលកើតកូវីដនៅពេលក្រោយទៅវិញ ដោយសារពួកគេមានអង្គបក្ខដិបក្ខ ក្នុងការប្រឆាំងនឹងកូវីដ។
សម្ដេចតេជោ ហ៊ុន សែន ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅទទួលយកនូវការចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី១ ដូសទី២ ទេ ត្រូវតែទៅចាក់ដូសទី១ដូសទី២ ហើយក៏ស្នើឱ្យអាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យ រៀបចំពិនិត្យសិក្សាភូមិសាស្ត្រ នៅទីកន្លែងដាច់ស្រយាលឆ្ងាយដែលមិនទាន់បានចាក់ ឬក៏មានអ្នកជំងឺ ជនពិការ ដែលមិនទាន់បានចាក់ យើងអាចនឹងខិតខំទៅចាក់ដល់ទីកន្លែង ដើម្បីឱ្យពួកគាត់បានទទួលនូភាពស៊ាំនៅក្នុងសហគមន៍។ ដូច្នេះសូមកុំរារែកជាមួយនឹងការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាមួយ ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន