ក្តៅៗ…! អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ សម្រេច​បិទ​មិន​បន្ដ​ឲ្យ​ប្រជា​ពល​ដ្ឋ​ចូល​ទៅ​លេង ​ក្នុង​បរិវេណ​ទឹក​ទំនប់​អន្លង់​ជ្រៃ

0

(​ត្បូងឃ្មុំ​)៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ ចូល​ទៅ​លេង​ក្នុង​បរិវេណ​ទឹក​នៅ​ទំនប់​បង្ហៀរ​អន្លង់​ជ្រៃ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្រោយ​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន និង​មិន​សហការ​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩​។

បើ​តាម ឯកឧត្តម ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១​នេះ រូបភាព​ដែល​ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ឃើញ​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​នោះ គឺ​ស្ថិត​នៅ​ទំនប់​បង្ហៀរទឹក​អន្លង់​ជ្រៃ ហើយ​ស្ថានភាព​នោះ គឺ​នៅ​ថ្ងៃ​ទី​០៥ ខែតុលា​ម្សិលមិញ​។

ឯកឧត្តម ហាក់ សុខ​មក​រា បញ្ជាក់​ថា​នៅ​ថ្ងៃនេះ ក៏​មាន​ភ្ញៀវ​ទេសចរ​បន្ដ​ទៅ​លេង​កម្សាន្ដ​នៅ​តំបន់​នោះ យ៉ាងច្រើន​កុះករ​ដូច​កាលពី​ម្សិលមិញ​ដែរ​។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច សហការ​ជាមួយ​មន្ដ្រី​សុខាភិបាល ក៏​បាន​ចែក​នូវ​ម៉ាស់ អាល់កុល ព្រមទាំង​ផ្សព្វផ្សាយ​ពី​វិធាន​សុខាភិបាល​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ មិន​ព្រម​សហការ​នោះ​ឡើយ​។

ឯកឧត្តម​បន្ថែម​ថា ដោយ​ប្រជាពលរដ្ឋ​មិន​ព្រម​សហការ​បែប​នេះ គិត​ត្រឹម​វេលា​ម៉ោង​០៣៖៣០​នាទី​រសៀល​ថ្ងៃនេះ អាជ្ញាធរ​បាន​សម្រេច​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ ចូល​ទៅ​លេង​ទឹក​នៅ​ទំនប់​បង្ហៀរ​នោះ​បន្ដ​ទៀត ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​ការ​ប្រមូលផ្ដុំ​នោះ ដែល​អាច​កើត​មាន​ហានិភ័យ​បាន​គ្រប់ពេលវេលា ពិសេស​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។

យ៉ាងណា​ក៏​ដោយ ទាំង​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច និង​មន្ដ្រី​សុខាភិបាល បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​កម្សាន្ដ​នៅ​ទំនប់​បង្ហៀរ​អន្លង់​ជ្រៃ​នោះ ត្រូវ​សហការ​អនុវត្ត​វិធាន​សុខាភិបាល ព្រមទាំង​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ នៅ​ទីតាំង​កម្សាន្ដ​សប្បាយ​នោះ​៕