ស្តាប់​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់ រៀបរាប់​ពី​ទិដ្ឋភាព​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាប់

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា Phalla Phorn បាន​ធ្វើការ​បង្ហោះ​និយាយ​រៀបរាប់​អំពី​បទ​ពិសោធន៍​ពិត​ៗ​របស់​លោក​ខណៈ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។

បុរស​ខាងលើ​បាន​សរសេរ​រៀបរាប់​នៅ​ហេតុការណ៍​ដែល​លោក​បាន​ឆ្លងកាត់​ថា “​វា​ជា​ការ​ដាស់តឿន​របស់ខ្ញុំ​៖ បងប្អូន​ភាគច្រើន​បានដឹង​ហើយ​ថា ខ្ញុំ​ស្ទើ​តែបាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ខ្ញុំ​ត្រូវ​បាន​ដឹក​តាម​ឡានពេទ្យ ដើម្បី​យក​ទៅង្គ្រោះ​បន្ទាន់​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ។ ខ្ញុំ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ចូល​ក្នុង​សាលសង្គ្រោះ​បន្ទាន់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​១៩ កំរិត​ធ្ងន់ធ្ងរ រាប់រយ​នាក់​ដទៃ​ទៀត។ គ្រាន់តែ​រុញ​ចូល​ដល់​ក្នុង​សាល​សង្គ្រោះ​បន្ទាន់ភ្លាម ខ្ញុំ​បានលឺ​សម្រែក​យ៉ាង​ឈឺចាប់​បំផុត​របស់អ្នកជំងឺ​ជា​ច្រើន​នាក់ ស្រែក​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ ជាមួយនឹង​សាកសព​ខ្លះ ដែល​ទើប​ស្លាប់​ថ្មី​ៗ ក្រោយ​ពេល​ក្រុមការងារ​របស់​គ្រូពេទ្យ កំពុង​តែញាប់​ជើង​ញាប់ដៃ រុំ​វិច​សាកសព​ទាំងនោះ។ មាន​អ្នក​ស្លាប់​នៅ​គ្រែ​ពី​ចំហៀង​ខ្ញុំ គ្រែ​ចុងជើង​ខ្ញុំ គ្រែ​លើ​ក្បាល​ខ្ញុំ និង​គ្រែ​ដែល​នៅ​ឆ្ងាយ​ពី​ខ្ញុំ ដែលធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត និង​កំពុង​តែ​រង​ចាំសេចក្តីស្លាប់​ជា​បន្តបន្ទាប់​ដូច​ពួក​គាត់​ដែរ។ អារម្មណ៍​ភ័យ​ព្រួយ​របស់ខ្ញុំ រាង​កាយ​ដែល​ងើបលែង​រួច​របស់ខ្ញុំ ជាមួយនឹង​ចង្វាក់​ដង្ហើមញាប់​ៗ ហើយ​ពិបាក​ដកដង្ហើម​ដែល​អប​ដោយ​ឧបករណ៍ជំនួយ​ឧក​ស៊ី​ស៊ែ​ន​នោះ រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹងខ្លួន​ជាមុន​ថា មិនយូរ​ទៀត​ទេ ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ហើយ ។

​ជា​ការ​ដាស់តឿន​របស់ខ្ញុំ​ដល់​បងប្អូន ព្រះ​បានទុក​អាយុជីវិត​របស់ខ្ញុំ តាម​រយៈ​ការ​សង្គ្រោះ​របស់ក្រុម​គ្រូពេទ្យ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ជម្រាប​ប្រាប់​បងប្អូនអំពី​ជីវិត​ដ៏​ផុយ​ស្រួយ នៃ​ការ​រីក​រាលដាល​ដោយមេរោគ​កូ​វី​ដ​១៩​នេះ ដែល​មានការ​បាត់បង់​អាយុជីវិត​ចាស់​ៗ​ជា​បន្តបន្ទាប់ ហើយ​ជា​រៀងរាល់ថ្ងៃផង​ដែរ ។ ខ្ញុំ​ជា​អ្នក​ដែល​បាន​ឆ្លងកាត់​ដោយ​ផ្ទាល់ នៅ​ក្នុងសាល​មច្ចុរាជ ដែល​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​នោះ ខ្ញុំ​សូម​ធ្វើការ​ព្រមាន ក៏​ដូច​ជា​ដាស់តឿន​បងប្អូន ថា​៖ បងប្អូន​អាច​ក្លាយទៅជា​ភ្នា​ក់ងារ​ចម្លង​មេរោគ​កូ​វី​ដ​១៩​នេះ ទៅ​ដល់​ឪពុកម្តាយ យាយ​តា និង​បងប្អូន​ក្នុង​សហគមន៍​របស់បងប្អូន​ជាក់​ជា​មិន​ខាន បើ​បងប្អូន​នៅ​តែ​ដើរ​មិនគិត ជួបជុំ​គ្នា​មិន​គិត និង​ចេញ​ក្រៅ​មិន​គិត ។ បងប្អូន​នឹង​ក្លាយទៅជា​ឃាតករ​ដោយ​មិនដឹង​ខ្លួន​។ អ្វី​ដែល​ខ្ញុំ​បាន​ចែករំលែក​នេះ មិនមែន​ជា​ការ​ស្តីបន្ទោស ឬ​ដាក់​សំពាត​ទៅ​លើ​បងប្អូន​ទេ តែ​ខ្ញុំស្រឡាញ់ បារម្ភ និង​មិន​ចង់​ឲ្យ​បាត់បង់​អាយុជីវិតរបស់​បងប្អូន ក្រុម​គ្រួសារ​របស់​បងប្អូន​បន្ត​ទៅទៀត​នោះ​ទេ ។ រឿង​បុណ្យ​ទាន រឿង​ជួបជុំ ខ្ញុំ​ពិតជា​អាច​យល់​បានតែ​អាយុជីវិត​របស់​គ្រប់​គ្នា គឺ​រឹតតែ​សំខាន់​ណាស់​”៕