ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនៅសារពិសេសមួយ ដែលពាក់ព័ន្ធនឹងការរកឃើញកូវីដ១៩ នៅតាមទីវត្តអារាម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្របពេលជាមួយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌកំពុងត្រូវបានធ្វើឡើង។
ក្នុងនោះសម្តេច ក៏បានមានប្រសាសន៍ថា “ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់”។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះ ឱ្យបានម៉ត់ចត់។
សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការរក្សានូវស្ថានភាពដែលកម្ពុជាបានអនុវត្តន៍កន្លងមក ដែលជាការរស់នៅតាមបែបគន្លងថ្មី ដោយរក្សានូវភាពស្ងប់ស្ងាត់ បន្ថយការប្រមូលផ្តុំជាដើម។ តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ៕
ដកស្រង់៖ Freshnews