ភ្នំពេញ៖ អ្នកបើកឡានគ្លីនិកឯកជនចំនួន ២ផ្សេងគ្នា ឈ្លោះប្រកែក ឈានដល់វាយតប់គ្នា ដណ្ដើមអ្នករងរបួសដែលសន្លប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រហូតដល់សន្លប់នោះ ដឹងខ្លួនវិញ ឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះ ១គ្រឿង ជាប្រភេទម៉ូតូធំជិះបញ្ច្រាសទិសដៅចរាចរណ៍ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញរថយន្ដ ១គ្រឿង ម៉ាកហ្វត ពណ៌ស ជារថយន្តរត់ឈ្នួល បើកបរក្នុងក្នុងទិសដៅពីជើងទៅត្បូង បានគៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន «សម្ភព រស្មី» បានទៅដល់មុន ហើយបម្រុងលើកជនរងគ្រោះដាក់(ប្រង់កា)លើកឡើងរថយន្ត ក៏ស្រាប់តែមានរថយន្តគ្លីនិកឯកជន «សម្ភព ស័ង្គម៉ារី» បានមកដល់តាមក្រោយបន្ទាន់គ្នាដែរ ធ្វើឲ្យរថយន្ត សង្គ្រោះទាំង២គ្រឿង ដណ្ដើមយកជនរងគ្រោះ ទៅព្យាបាលរៀងៗខ្លួន រហូតឈ្លោះប្រកែកប្រទាញប្រទង់គ្នា ប្រើហិង្សាទៅវិញទៅមក បណ្តាលឲ្យបុរសម្នាក់ ខាងរថយន្តសង្គ្រោះសម្ភព ស័ង្គម៉ារី អះអាងថា ខ្លួនបែកត្បូងចិញ្ចៀន ហើយបុរសម្នាក់ទៀតខាងមន្ទីរពេទ្យសម្ភពរស្មី អះអាងថា ដាច់ខ្សែក ខណៈពេលខាងរថយន្តសង្គ្រោះ រវល់តែឈ្លោះប្រកែកគ្នា ជនរងគ្រោះដែលសន្លប់នោះ បានដឹងខ្លួនវិញ មិនហ៊ានឡើងរថយន្តសង្គ្រោះទៅព្យាបាលទេ ក៏បានទូរស័ព្ទហៅមិត្តភក្តិ ឲ្យដឹកតាមម៉ូតូយកទៅ ព្យាបាលរបួសដោយខ្លួនឯងបាត់ទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ សម្របសម្រួលរថយន្តគ្លីនិកឯកជន ទាំង២គ្រឿងខាងលើ និងប្រាប់ឲ្យភាគីណាដែលមិនសុខចិត្ត សុំទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចដោះស្រាយ ។ ជាលទ្ធផលរថយន្តសង្គ្រោះទាំង២គ្រឿង មិនបានទៅដាក់ពាក្យបណ្តឹងទេ បានបើករថយន្តចេញទៅរៀងខ្លួនបញ្ចប់រឿង ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក៏មិនបានប្តឹងផ្តល់ដែរ សុខចិត្តទៅព្យាបាលរបួសដោយខ្លួនឯង បញ្ចប់រឿង ៕