ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn បានបង្ហោះសាររៀបរាប់ពីដំណើរជីវិត ដ៏សែនកំសត់របស់លោកយាយម្នាក់ ដែលគាត់អត់មានអីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោល យកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប ។
ខាងក្រោមនេះជាសំណេរទាំងស្រុង របស់លោក ផន ផល្លា៖
អត់អីហូប រើសក្បាលកណ្តុរមកស្ងោរហូប វាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបប្រទះនូវ រឿងរ៉ាវដែលគួឲ្យនឹកស្មានមិនដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យជាង ៦០ឆ្នាំម្នាក់ កំពុងរស់នៅក្នុងកូនខ្ទមតូចមួយ នៃខេត្តកំពង់ឆ្នាំង។ ក្នុងការចុះដើរ ជួបបងប្អូនប្រជាពលរដ្ឋក្រលំបាក ពីខេត្តមួយទៅខេត្តមួយ គឺខ្ញុំធ្លាប់បានជួបប្រទះអស់ហើយ នូវស្ថានភាពជីវិតក្រលំបាកផ្សេងៗ តែនេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានឃើញស្ថានភាព របស់ស្រ្តីក្រីក្រម្នាក់នេះ អត់អីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោលយកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប ។
ខ្ញុំបានបើកឆ្នាំងរបស់គាត់ ដោយដំបូងគិតថា ជាក្បាលត្រី តែព្រះអើយ វាជាក្បាលកណ្តុរជាមួយ នឹងភ្នែកនៅក្រឡង់ៗ បូករួមជាមួយក្លិនឆ្អាប រៀងស្អុយផងដែរនោះ វាបានធ្វើឲ្យខ្ញុំ បុកដោល រត់ទៅក្អួតតែម្តង (ខ្ញុំសូមអភ័យទោស ចំពោះចំនុចត្រង់នេះ តែខ្ញុំពិតជាទប់មិនជាប់មែន ការពិតខ្ញុំក៏បានថតជាវីឌីអូ កំឡុងពេលនោះដែរ តែវាបានថតជាប់ពេលខ្ញុំក្អូតនោះដែរ ចឹងហើយខ្ញុំសូមមិនបង្ហាញទៅចុះ) ការពិតខ្ញុំជាមនុស្សម្នាក់ ដែលអាចទ្រាំទ្របានទាំងអស់ ដែលទាក់ទងទៅនឹងអាចម៍-នោម
ក្លិនមិនល្អ របស់អ្នកជំងឺ ឬចាស់ជរាផ្សេងៗតែនេះ ជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបមនុស្ស ហូបក្បាលកណ្តុរស្ងោរបែបនេះហើយធ្វើឲ្យខ្ញុំទ្រាំមិនបាន ទាល់តែសោះយ៉ាងណាមិញ ខ្ញុំទទួលស្គាល់ថា ជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយជីវិតរបស់អ្នកក្រលំបាកខ្លះ ពិតជាគ្មានជម្រើសមែន ក្នុង ការជ្រើសរើសកន្លែងដែលខ្លួនស្នាក់នៅ ឬអាហារដែលខ្លួនហូប ។
ត្រង់នេះហើយ ដែលខ្ញុំចេះតែចង់ចំណាយពេលរបស់ខ្ញុំ ក្នុងការចុះទៅតំបន់ផ្សេងៗ ដើម្បីជួបពួកគាត់ទាំងនោះ ហើយផ្តល់ការគាំទ្រ ផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមសម្រាប់ជីវិតជាដើម ៕