កឺកឺ ដែលដកកាំភ្លើងខ្លីបាញ់ ទម្លុះទ្វារកញ្ចក់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ នៅព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់បានហើយ

0

ភ្នំពេញ៖ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានស្រាវជ្រាវ បង្ក្រាបករណីជនសង្ស័យផ្ទុះអាវុធ ២គ្រាប់ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០នាទីទៀបភ្លឺ មានករណីផ្ទុះអាវុធចំនួន ២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី ១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយចំនួន ២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទីយប់ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ១ដើម ។

ជនសង្ស័យមានឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន: -កាំភ្លើងខ្លី ១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323 ។ -បង់កាំភ្លើង១ មានគ្រាប់ចំនួន ៨គ្រាប់ (ប្រភេទ ៩mm) ។ សំភារៈខូចខាត ទ្វារកញ្ចក់ ១ផ្ទាំង ។

ចំពោះជនសង្ស័យ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕