ប្រយ័ត្នការឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ Money Flipping Scam លើបណ្តាញសង្គម

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។

តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%)​ ក្នុងនោះគណនីបណ្តាញសង្គម មានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាម ស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ នៃភាពរីកចម្រើនបច្ចេកវិទ្យា។

នៅមួយរយៈនេះ​ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគ លើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នក ត្រូវបានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជនជាតិខ្មែរ) ទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើន ក្នុងរយៈពេលយ៉ាងខ្លី ។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេល ចំណាយប្រាក់វិនិយោគលើជំនួញ ដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖ អត្ថបទនេះមានគោលបំណង អប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថា អត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ។