ប្ដីប្រពន្ធ១គូ ត្រូវបុគ្គល១ក្រុម ប្រើឈ្មោះអាវុធហត្ថ យកថ្នាំញៀនទម្លាក់ឲ្យ និងបង្ខំឲ្យយក ៦០០ដុល្លារ ជាថ្នូរនឹងការដោះលែង

0

ភ្នំពេញ​៖​ មានហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយបានកើតឡើង គឺប្ដីប្រពន្ធ ២នាក់ ត្រូវបុគ្គល១ក្រុមមានគ្នា ៥-៦នាក់ យកថ្នាំញៀនមកទម្លាក់ឲ្យ និងបង្ខំឲ្យយកលុយ ៦០០ដុល្លារ មកឲ្យពួកគេ ដើម្បីជាថ្នូរនិងការដោះលែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថិតនៅផ្ទះជួល​ ជាប់ផ្លូវវេងស្រេង​ ក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។

ជនរងគ្រោះជាប្ដីមានឈ្មោះ​ ដេត​ កុសល​ អាយុ៣០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅផ្ទះកើតហេតុ​ ។

បើតាមបុរសរងគ្រោះ បានរៀបរាប់ថា​ រឿងហេតុនោះគឺ​នៅយប់ថ្ងៃកើតហេតុ រូបគាត់និងប្រពន្ធ បាននៅក្នុងបន្ទប់ជួលកន្លែង កើតហេតុខាងលើ​ ហើយរៀបនឹងសម្រាក​ទៅហើយ ក៏ស្រាប់តែមានបុគ្គលម្នាក់មកគោះទ្វា​រ ហើយប្រាប់ថា ខ្លួនគេជាអាវុធហត្ថ​។ បន្ទាប់មកក៏មានបក្ខពួក ៥ទៅ៦នាក់ទៀត បានចូលមកក្នុងបន្ទប់គាត់ រួចទម្លាក់គ្រឿងញៀន ១កញ្ចប់តូច មកឲ្យ​គាត់ និងធ្វើសកម្មភាពចាប់វាយខ្នោះ​គាត់ព្រមទាំងថតរូបគាត់ជាប់ ជាមួយគ្រឿងញៀនថែមទៀតផង​ ។

ប្រភពដដែលបន្តថា ក្រោយពីចាប់វាយខ្នោះរូបគាត់ហើយ​ ពួកទាំងនោះបានឲ្យរូបគាត់ និងប្រពន្ធយកលុយ ៥០០ដុល្លារ ដើម្បីជាថ្នូរសម្រាប់ដោះលែង​ តែគាត់មិនមានលុយ​ ក៏ពួកគេនោះបង្ខំឲ្យគាត់យកម៉ូតូមួយគ្រឿង ទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់ ៥៥០ដុល្លារ​មកឲ្យ​ ។ ដោយពួកគេមិនអស់ចិត្ត ក៏ឱ្យរូបគាត់ទៅយក ១០០$ទៀត​ និងគំរាមឲ្យរើអីវ៉ាន់ចេញពី ផ្ទះជួលទាំងយប់​ដើម្បី កុំឲ្យមានរឿងវែងឆ្ងាយ​ ។ លុះព្រឹកឡើងថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២១​ ប្ដីប្រពន្ធទាំង ២នាក់ ខាងលើកើតទុក្ខមិនសុខចិត្ត​ និងនឹកគិតថាខ្លួនទទួលភាព អយុត្តិធម៌ខ្លាំងពេក​ ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចមូលដ្ឋាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ជួយដោះស្រាយនិងរកយុត្តិធម៌ឲ្យវិញ​ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យទី៣​ បានចាត់ឱ្យលោក​ នូ​ កាន់លី​ នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ ដឹកនាំកម្លាំងចុះទៅសួរនាំ​ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ស្ទឹងមានជ័យទី៣​ ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយតាមជំនាញ​ ។ តែក្នុងពេលនោះដែរ​ ស្រាប់តែមានបុគ្គលផ្សេង ដែលមិនបញ្ចេញមុខបានអះអាងថា​ នឹងមានគេយកលុយគ្រប់ចំនួន​ និងការប្រាក់មកឲ្យប្ដីប្រពន្ធ ជនរងគ្រោះវិញដើម្បីបញ្ចប់រឿង ៕