ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កម្លាំងជំនាញនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ប្លន់) ។
ប្រតិបត្តិការនេះដឹកនាំ ដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុម ថាណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តម៉ាក ហាយឡេនឌ័រ ព៌ណទឹកប្រាក់ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ២AW-៩៧៣៨ ចេញពីផ្ទះ ដើម្បីទៅហូបគុយទាវ នៅម្តុំផ្សារឈូកមាស ជាមួយឈ្មោះ ណាំង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ៥៩ឆ្នាំ។
ក្រោយមកនៅវេលាម៉ោង ៩:០០នាទី ជនរងគ្រោះបើករថយន្តម្នាក់ឯង ទៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ចំណុចកើតហេតុ) ចំណែកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត ១គ្រឿងទៀត ទៅតាមក្រោយ នៅពេលដែលអ្នកទាំងពីរបានទៅដល់ដីឡូតិ៍របស់ជនរងគ្រោះ ដោយស៊ីផ្លេររថយន្តអោយបើកទ្វាររបង តែជនរងគ្រោះបានស្រែកហៅ អោយជួយផងបែកក្បាល ហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះ ណាំង វិល័យ បានស្រែកហៅកម្មករម្នាក់អោយ ផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហើយបានជួយជនរងគ្រោះ ទៅព្យាបាលនៅគ្លីនិច រ៉េមប៉ូ ។
សំភារៈបាត់បង់ រួមមាន៖ ចិញ្ជៀនត្បូងពេជ្រ ១វង់, ទូរសព្ទម៉ាក សាំសុងអេច៩ មួយគ្រឿង និងម៉ាកអូប៉ូមួយគ្រឿង ។
ចំពោះជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅង៉ោល ធ្លាប់មានប្រវត្តិសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំកន្លះ និងបានចេញនៅខែកក្កដា ឆ្នាំ២០២១ ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕