មកពីធ្វើការចាក់សោរម៉ូតូ ទុកមុខបន្ទប់ជួល ភ្ញាក់ពីដេកចេញមកមើល ផ្អើលសមត្ថកិច្ច

0

ភ្នំពេញ៖ បុរសម្នាក់មកពីធ្វើការងារហត់ ក៏ចាក់សោរម៉ូតូទុកនៅមុខបន្ទប់ រួចចូលទៅដេក លុះពេលភ្ញាក់ចេញមកមិនឃើញម៉ូតូ ក៏ស្រែកឆោឡោ ផ្អើលដល់កម្លាំងសម្ថកិច្ច ចុះមកជួយអន្តរាគមន៍ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ជនរងគ្រោះមកពី ធ្វើការបានចាក់សោរម៉ូតូ ទុកនៅខាងមុខបន្ទប់ជួល ហើយបានចូលទៅ ដេកខាងក្នុងបន្ទប់។ លុះដល់ម៉ោងប្រហែល១២:៣០នាទី មានជនសង័្សយចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ដោយប្រើឧបករណ៍ដែកកាច់អក្សរT ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុ ស្របពេលដែលម្ចាស់ម៉ូតូភ្ញាក់ ពីដេកក៏ស្រែកឆោឡោចោរៗ ពេលនោះកម្លាំងរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល កំពុងល្បាតតាមផ្លូវ ក៏លឺបានដេញតាមស្ទាក់ពីមុខ ចាប់បានជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានគេចខ្លួនបាត់។

ក្រោយពីការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួកពិតជា បានធ្វើសកម្មភាពលួចកាច់ សោរកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង បានធ្វើការស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យ ដែលបានគេចខ្លួន នៅថ្ងៃទី២៤-០៨-២១ ព្រមទាំងដកហូត បានវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យទី១ ឈ្មោះ ម៉ី ដាវង្ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ (មានសារធាតុញៀន) ។ ជនសង្ស័យទី២ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត ម៉ូតូហុងដាសេ១២៥ របស់ជនរងគ្រោះ ស្លាកលេខម៉ូតូចំនួន ៥សន្លឹក និងគ្រឿងបន្លាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕