ឡានកុងតឺន័រ បុកម៉ូតូ និងកិនបុរសម្នាក់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ រថយន្តកុងតឺន័រ បានបើកបុកពីក្រោយម៉ូតូ ឱ្យដួលនិងកិនបណ្តាលឱ្យ បុរសម្នាក់បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម នៅតាមផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា។

បុរសដែលស្លាប់ឈ្មោះ ហន ណារ៉ា អាយុ៣៦ឆ្នាំស្រុកកំណើតនៅភូមិទួលកំពតទី១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ក៏មានរថយន្តកុងតឺន័រពាក់ផ្លាកលេខ ស្វាយរៀង 3A-1480 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនក៏ជ្រុលបុកម៉ូតូពីក្រោយ និងកិនបណ្តាលឱ្យបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់មកអ្នកបើកបររថយន្ត ក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច ចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់ យកម៉ូតូនិងរថយន្តបង្កប្រគល់ ឱ្យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរក្សាទុករង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ ៕