ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ក្រោយពីការិយាល័យ បង្ក្រាបការជួញដូរមនុស្ស ទទួលបានពាក្យបណ្ដឹង របស់ស្ត្រីរងគ្រោះឈ្មោះ យ៉េត លីន អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងប្ដីរបស់គាត់ ឈ្មោះ ឡេង លឿង អាយុ៤១ឆ្នាំ ជក់ថ្នាំញៀនរួចប្រើអំពើហិង្សា មកលើរូបគាត់និងក្រុមគ្រួសារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកបានចាត់តាំង កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងកងអន្តរាគមន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ ចុះឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះជាប្រពន្ធ ព្រមទាំងដកហូតបានកាំបិតដងឈើប្រវែង ២៨សង់ទីម៉ែត្រចំនួន ១ដើម រួចនាំយកមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួររួច ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ជាប្រចាំយូរឆ្នាំមកហើយ ពេលខ្លួនប្រើប្រាស់គ្រឿងញៀនម្ដងៗ រូបគេតែងតែប្រើអំពើហិង្សាលើប្រពន្ធ និងអ្នកនៅក្នុងផ្ទះទៀតផង ហើយក៏ធ្លាប់វ៉ៃប្រពន្ធបែកក្បាល ព្រមទាំងធ្លាប់គំរាមអាករ ប្រពន្ធបន្ថែមទៀត។
ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកលើការស្ដាប់ ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងកាំបិត នៅនឹងដៃផងនោះ ជនសង្ស័យខាងលើត្រូវបាន កម្លាំងការិយាល័យបង្ក្រាប ការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការ តាមនីតិវិធីនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ៕