ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនអាយុក្រោម ១៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះ (ផ្ទះនៅស្រែ) ស្ថិតនៅភូមិកាំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ករណីឃាត់ខ្លួននេះតាមបណ្តឹងឈ្មោះ ជឹម គីន ភេទស្រី អាយុ៥៤ឆ្នាំ មិខរបរកសិករ ត្រូវជាម្តាយជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ រ.ស.ក អាយុ១៣ឆ្នាំ មុខរបរសិស្ស។
ជនសង្ស័យឈ្មោះ កែវ ជា (ហៅ ឆាន់) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យត្រូវជំនាញ យើងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕