ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើង ដោយជនម្នាក់បានយកកាំបិតប៉័ងតោ កាប់ទៅលើគូទំនាស់ឱ្យរបួសធ្ងន់ដេរ ១៥០ថ្នេរ នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែសីហា។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ដែលចាប់ខ្លួនឈ្មោះ អួន រដ្ឋា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ រីឯជនរងគ្រោះឈ្មោះលី សំអុល អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ជនដៃដល់ កាប់២កាំបិតទៅលើជនរងគ្រោះ ឱ្យរបួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយ ដេរ១៥០ថ្នេរ ។ វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ១-ម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស ១គ្រឿង គ្មានផ្លាកលេខ របស់ជនសង្ស័យ បន្សល់នៅកន្លែងកើតហេតុ ។
មុនកើតហេតុ ឈ្មោះលី សំអុល កំពុងតែជួសជុលម៉ូតូនៅខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យ បានជិះម៉ូតូមកឈប់នៅមុខផ្ទះលី សំអុល ហើយបានដើរចូលទៅរកលី សំអុល និងបានដកកាំបិតប៉័ងតោចេញពីចង្កេះ កាប់ទៅលើ ជនរងគ្រោះតែម្តង ហើយរត់គេចខ្លួនបាត់។ កម្លាំងបានស្រាវជ្រាវ ចាប់ជនដៃដល់នៅភូមិខ្នា ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា គឺកាប់ព្រោះរឿងគំនុំ។ សមត្ថកិច្ចក៏យកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕



