ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនបុរសម្នាក់ជាជនជាតិវៀតណាម ដែលល្មើសបម្រាមគោចរ របស់ រាជរដ្ឋាភិបាល និងបង្កអោយប្រជាការពារខណ្ឌដង្កោម្នាក់រងរបួស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ ភឿង ហៅ លឹម សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយស៊ូគី BURGMAN ពាក់ផ្លាកលេខភ្នំពេញ1IK-2556 ចំនួន០១គ្រឿង។
សមត្ថកិច្ចខណ្ឌដង្កោ បានឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជិៈរថយន្ត និងម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីអនុវត្តវិធានការបិទបំរាមគោចររបស់រដ្ឋាភិបាល។ ពេលកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌដង្កោយើងជិះល្បាត ដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ ភឿង ជនជាតិវៀតណាម បានជិៈម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគី BURGMAN ពាក់ផ្លាកលេខភ្នំពេញ1IK-2556 តាមផ្លូវបេតុង កម្លាំងសមត្ថកិច្ចយើង ក៏បានហៅឱ្យឈប់ដើម្បីសួរនាំ។ ពេលនោះជនសង្ស័យ ក៏បានបន្ថែមល្បឿន គេចពីសមត្ថកិច្ចយើង ក៏បណ្តាលឱ្យបុកឈ្មោះ សំអាន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជាប្រជាការពារខណ្ឌដង្កោ រងរបួសក្រោមភ្នែកខាងឆ្វេង (របួសស្រាល) រួចកម្លាំងសមត្ថកិច្ចក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ូតូម៉ាកស៊ុយស៊ូគី BURGMAN ពាក់ផ្លាកលេខភ្នំពេញ1IK-2556 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕