តៃកុងតាក់ស៊ីទំនើង ​បើករថយន្ត​វ៉ា​ជែង ​និង​កាក់​ម៉ូតូ​ ចុះ​វាយ​ប្រជាពលរដ្ឋ ​តាម​ដងផ្លូវ​សាធារណៈ​

0

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន ​កម្លាំង​នគរបាល ​ព្រហ្មទណ្ឌ​កម្រិត​សាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ (​ជន​ទំនើង​បើករថយន្ត​វ៉ា​ជែង ​និង​កាក់​ម៉ូតូ​ ចុះ​វាយ​ប្រជាពលរដ្ឋ ​តាម​ដងផ្លូវ​សាធារណៈ​)​ ។​

​ករណី​ខាងលើ ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ នៅ​តាម​ដងផ្លូវ​សាធារណៈ​ មុខ​សាលា​គរុកោសល្យ​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ា​ ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ រង​របួស​ ហើម​ថ្គាម​ទាំង​សងខាង​ និង​ហើម​ប្រអប់ដៃ​ខាងស្តាំ​ ។​

​ជន​ដៃដល់​ឈ្មោះ​ មុត​ រ៉ា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រត់​តាក់ស៊ី​ មាន​ទីលំនៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​ ៖​ រថយន្ត​ ១​គ្រឿង​ ម៉ាក​ MAZDA3​ ពណ៌​ទឹកប៊ិច​ចាស់​ ពាក់​ស្លាក​លេខៈ​ភ្នំពេញ​ 2AB-8801​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​ដៃដល់​បាន​បើករថយន្ត​១​គ្រឿង​ ម៉ាក​ MAZDA3​ ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-8801​ យ៉ាង​លឿន​វ៉ា​ជែង​ពេញ​ផ្លូវ​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ មានការ​មិន​ពេញចិត្ត​ ក៏​បាន​ស៊ី​ផ្លេ​រដាក់​ ព្រមទាំង​ស្រែក​ជេរ​ផង​ដែរ​ ។​ លុះ​ពេល​ជនសង្ស័យ ​បើករថយន្ត​ដល់​ចំណុច​ មុខ​សាលា​គរុកោសល្យ​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ក៏​បាន​កាក់​ម៉ូតូ​ ១​គ្រឿង​ ដែល​មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​កំពុង​ជិះ​ ឲ្យ​ឈប់​បន្ទាប់​មក​ជន​ដៃដល់​បាន​ចុះ​ពី​រថយន្ត​ រុញ​ទៅ​បុរស​ដែល​ជិះ​ម៉ូតូ​នោះ​ឲ្យ​ដួល​ ហើយ​វាយ​ថែម​ទៀត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​ ភ្លាមៗ​នោះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕