ចាប់ខ្លួនចោរ ៤នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាព លួចម៉ូតូ ប្រជាពលរដ្ឋដល់មុខផ្ទះ

0

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តកែប ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចម៉ូតូ ។

សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន គឺជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ដែលពលរដ្ឋចត នៅមុខផ្ទះដោយមិនដកសោរ ចេញ ដោយករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លុះលួចបានសម្រេច ជនសង្ស័យក៏បានជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និងដោយអនុវត្តតាមការបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញក៏តាមប្រមាញ់ និងស្រាវជ្រាវតាមឃាត់ខ្លួន ជនសង្ស័យបានម្នាក់ នៅក្បែរគល់ស្ពានឥន្ទនូ (ស្ពានចាស់) ហើយយកមកសួរនាំ ទើបឈានទៅឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធ ពីបទចោរកម្មទាំង៤នាក់ រួមមាន៖
ទី១-ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
ទី២-ឈ្មោះ ឈឹម ណុំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប
ទី៣-ឈ្មោះ ខែម រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប
ទី៤-ឈ្មោះ ទូច កែវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

ក្រោយពីសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ៕