ភ្នំពេញ៖ តោះចង់ដឹងដែរទេថា តើឧត្ដមសេនីយ៍ ទី ចំរើនកុសល និយាយអ្វីខ្លះពីរឿងសត្វសារិកាកែវ ដែលត្រូវសមត្ថកិច្ចចុះទៅ ដកហូតដល់ផ្ទះបុរសម្នាក់ហើយថា ការចិញ្ចឹមនេះ ជាការខុសច្បាប់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ សីហានេះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរក្នុងន័យដើមទាំងស្រុងថា «រឿងអ្នកចិញ្ចឹមសត្វសារិកា មួយពីរនៅតាមផ្ទះ និងមន្ត្រីអនុវត្តច្បាប់ ! ការពិតសត្វសារិកាគឺជាសត្វព្រៃ ប៉ុន្តែបើម្ចាស់វាចិញ្ចឹមមួយពីរ ដើម្បីសេចក្តីស្រលាញ់ និងមានការថែទាំល្អ ខ្ញុំគិតថាមិនគួរដកយកចេញពីម្ចាស់វាទេ។ ទទួលស្គាល់ថាវាជាច្បាប់ ប៉ុន្តែមនុស្សជាអ្នកអនុវត្តច្បាប់ មិនមែនមនុស្សយន្តទេ ដូចនេះគួរតែមានមនោសញ្ជេតនាខ្លះ។
បើសិនជាម្ចាស់វាធ្វើបាប ឬមិនថែរក្សាយកចិត្តទុកដាក់សត្វចិញ្ចឹមនោះទេ ខ្ញុំក៏លើកទឹកចិត្តឲ្យមន្ត្រីអនុវត្តច្បាប់ ដកហូតយកសត្វនោះទៅព្រលែង នៅក្នុងព្រៃឲ្យមានសេរីភាពវិញ» ។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកម្ចាស់ឈ្មោះ Chantra Yath បានលើកឡើងថា «ពិតមិនស្មានថា គ្រាន់តែចិញ្ចឹមសារិកាកែវ ១គូ ដោយក្តីស្រលាញ់ក៏ ជាទង្វើខុសច្បាប់ដែរ ។ ដកហូតយកទៅអភិរក្សនៅភ្នំតាម៉ៅ! សង្ឃឹមថាឯងនឹងមានចំណីគ្រប់គ្រាន់» ។
ប្រហែលជាអ្នកលេងបណ្ដាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ មិនទាន់ភ្លេចទេ ពោលគឺ កាលពីចុងខែមិថុនា អាជ្ញាធរចុះដកហូតសត្វតោ ពីម្ចាស់ជនជាតិចិន ដែលចិញ្ចឹមក្នុងផ្ទះ ដោយខុសច្បាប់ នៅមូលដ្ឋានខណ្ឌបឹងកេងកង ។ ទាក់ទិនរឿងនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាងផង ៕