ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៩ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១៩នាក់ ។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៦ករណី (ពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល) ។

+ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៨៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៣៨នាក់ ស្លាប់៤៨នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤៩នាក់ថ្មី និងមានករណីជាសះស្បើយ ៤៣នាក់ ។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៣០នាក់ បន្ថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៩៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៥៩០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៦៩៧ នាក់ ស្លាប់ចំនួន៩នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បាន រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៧នាក់។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ខែសីហាឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៧៥៤នាក់ស្រី៣៧៥និងជាសះស្បើយចំនួន៤២១នាក់ ស្រី២១៦នាក់ និងស្លាប់០២នាក់។

+ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៩នាក់ថ្មី ជាសះស្បើយ ចំនួន២៦០នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤៧០នាក់ បានព្យាបាលជាសះស្បើយចំនួន៣២២៥នាក់ ស្លាប់៦៣នាក់ និង២១៨២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕