ប្រហែសមិនបាន! ដេកលក់មួយភ្លេត ចោរចូលលួចដល់ក្នុងផ្ទះ

0

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច(លុយ និងទ្រព្យសម្បត្តិ)។
ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុំ នឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកក្រុមជនសង្ស័យ០៣នាក់៖ ទី១-ឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ និងទី៣-ឈ្មោះ ចាន់ រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ។
ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ លុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល) ,លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាក Iphone ចំនួន០២គ្រឿង។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone6 ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ម៉ាកLg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង), ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០នាទី ជនរងគ្រោះឈ្មោះ សុំ នឿន ភេទប្រុស អាយុ៤២ឆ្នាំ បានត្រឡប់ពីផ្ទះ បងប្អូនមកដល់ផ្ទះ ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានរៀបចំកន្លែងសម្រាក ដោយទុកកាបូបស្ពាយ ពណ៌ឈាមជ្រូក ចំនួន០១ ដែលមានលុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល), លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, មាសចំនួន០២ជី និងទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ម៉ាកIphone ចំនួន០៣គ្រឿង) នៅលើគ្រែក្បាលដំណេក រួចដេកលង់លក់ទៅដោយ ពុំបានចាក់គន្លឹះទ្វារផ្ទះ ខាងក្រោយត្រឹមត្រូវទេ។ រហូតដល់វេលាម៉ោង០៤និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានភ្ញាក់ ពីដេកដើរចេញ ទៅបត់ជើងតូច ក៏បានឃើញកាបូបស្ពាយ ដែលជនរងគ្រោះ ដាក់នៅលើក្បាលដំណេក នៅខាងក្រៅបន្ទប់ ហើយជនរងគ្រោះ ក៏បានឆែកមើលទ្រព្យសម្បត្តិ នៅក្នុងកាបូបដែលនៅក្នុងកាបូបខាងលើ បានបាត់អស់។

បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកជនសង្ស័យ និងទ្រព្យសម្បត្តិខាងលើ យកមកធ្វើការសាកសួរ តាមនីតិវិធីច្បាប់។ រហូតដល់វេលាម៉ោង១៦និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាព ខាងលើបានម្នាក់ ឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ រួមនិងវត្ថុតាង ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIphone6 ពណ៌ទឹកមាស របស់ជនរងគ្រោះ០១គ្រឿង និងទូរស័ព្ទដៃម៉ាក Lg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង) ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបានចំនួន០២នាក់ ទៀត ទី១-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោ ចាន់ រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ (ទូរស័ព្ទរបស់ជនរងគ្រោះ) ចំនួន០១គ្រឿង និងក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច (របស់ជនសង្ស័យឈ្មោះ ចាន់ ថា) ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិក្រាំងពង្រខាងលើដែរ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រំាងពង្រ តាមនីតិវិធីច្បាប់ ៕