សូមប្រយ័ត្ន! បុរសម្នាក់ស្រវឹងស្រា បង្កាត់ភ្លើងដាំបាយ បណ្ដាលឱ្យឆេះផ្ទះខ្ទេច

0

ភ្នំពេញ ៖ ផ្ទះ០១ខ្នងមានទំហំ៥ គុណ ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ត្រូវបានអគ្គីភ័យបានឆាបឆេះអស់ទាំង ស្រុង រយមទាំងសម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន ចំណែកម្ចាស់ផ្ទះ រលាកភ្លើង រងរបួសយ៉ាងដំណំផងដែរ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បាន កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ បានឲ្យដឹងថា៖ ម្ចាស់ផ្ទះឈ្មោះ វាំង ធី ភេទប្រុស អាយុ៥៧ឆ្នាំ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះជាមនុស្សញៀនស្រា ហើយរស់នៅតែម្នាក់ ឯង ចំណែកប្រពន្ធ មិនបានរស់នៅជាមួយទេ ទៅនៅខេត្តផ្សេង ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាំបាយហូប ប៉ុន្តែដោយស្រវឹងខ្លាំងពេលកេះដែកកេះបង្កាត់ភ្លើង ក៏ជ្រុលទៅប៉ះនឹងជញ្ជាំងស្លឹកដូង បណ្តាលឲ្យឆាបឆេះតែម្តង គ្មានអ្នកណាមកជួយអន្តរាគមន៍បានទាន់ ព្រោះផ្ទះនៅដាច់ឆ្ងាយ ម្ចាស់ផ្ទះក៏រងរបួសធ្ងន់ដោយរលាកភ្លើងត្រូវស្បែកដៃ ខ្នងនិងក្បាល ដោយស្រវឹងខ្លាំងពេលផ្ទះត្រូវភ្លើងឆេះរត់មិនរួច ជនរងគ្រោះត្រូវអាជ្ញាធរ នគរបាលមូលដ្ឋាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីភ្លាម ។ចំណែកសម្ភារៈនិងទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២.៥០០ .០០០រៀល ៕