ភ្នំពេញ ៖ យុវជន០១នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ០៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នា ក្នុងពេលផឹកស៊ី ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ បានប្តឹងថា៖ថ្ងៃ០២ខែសីហាឆ្នាំ ២០២១វេលាម៉ោង១០យប់ មានឈ្មោះ លី និច្ច ហៅពែក ភេទប្រុស អាយុ២០ឆ្នាំ,ស្រុកកំណើតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយកពូថៅធ្វើសកម្មភាព ដេញកាប់ខ្លួន ខណៈពេលខ្លួនរត់ដួល ត្រូវឈ្មោះលី និច្ចហៅពែក កាប់ត្រូវ០៧កន្លែងនិងដេរ៣១ថ្នេរ បន្ទាប់ពីធ្វើសកម្មភាព រួចជនដៃដល់បានរត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា តាមការស្រាវជ្រាវនៅមុនពេលកើត ហេតុជនរងគ្រោះ និងជនដៃដល់បានផឹកស៊ី ជាមួយគ្នា បន្ទាប់មកក៏មានទំនាស់ ពាក្យសំដី និងគ្នារហូត ឈានដល់មានអំពើហឹង្សានេះ កើតឡើង ។ករណីនេះកម្លាំង នគរបាលស្រុកម៉ាឡៃ កំពុងតែស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួន យកមកសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ ៕