បង្ក្រាបករណី ជួញដូរគ្រឿងញៀន ២ករណី ចាប់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀន ជាង៥គីឡូក្រាម

0

ភ្នំពេញ៖ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួដូរគ្រឿងញៀន ចំនួន២ករណីផ្សេងគ្នា ឃាត់ខ្លូនជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀនជាង៥គីឡូក្រាម។

យោងតាមអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។
២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។
៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។
ខ-វត្ថុតាងចាប់យករួមមាន :
១/មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g
២/ជញ្ជីងថ្លឹង ២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ។

ដោយឡែក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅ ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖ គោលដៅទី១: នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និង គោលដៅទី២: នៅវេលាម៉ោង ១៧និង១០នាទី បន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់ :
-ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។
ខ- ចាប់យកវត្ថុតាង :
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប ៤១១៤ ក្រាម
-សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម
-សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១.១០ក្រាម
 សារធាតុញៀន សរុប ៤១៤៧.៤០ក្រាម
ខ- សម្ភារៈដកហូត :
1. ម៉ូតូ ២គ្រឿង
2. ទូរស័ព្ទដៃចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕