ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចញឈ្មោះ ដែលបានរាយការណ៍ ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ “សូមគោរពដល់លោកស្នងការខេត្តកណ្តាល និងមន្រ្តីគ្រប់ជាន់ថ្នាក់ យើងខ្ញុំរស់នៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយសារក្រុមហ៊ុនដឹកខ្សាច់ដាក់បុរីទួលសង្កែ ដឹកធ្វើអោយជ្រុះខ្សាច់ពេញផ្លូវ បង្កអោយហ៊ុយខ្លាំង មួយរយៈប្រហែលជិតកន្លះខែនេះអត់ស្រោចទឹកផ្លូវធ្វើអោយហ៊ុយ មើលផ្លូវលែងចង់ឃើញ ហើយប៉ះពាល់ខ្លាំងដល់សុខភាព សូមលោកស្នងការនគរបាលខេត្តត្រួតពិនិត្យផង សូមអរគុណ”។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ចាត់ផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណ:ស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋស្វាយជ្រំ ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះផ្សព្វផ្សាយអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្ត ដឹកដី ខ្សាច់ និងថ្ម បានចំនួន០៧គ្រឿង ចំពោះរថយន្តទាំងអស់ ត្រូវគ្របឲ្យបានត្រឹមត្រូវកុំឲ្យហ៊ុយ និងធ្លាក់ហូរទឹកខ្សាច់ តាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងអ្នកធ្វើដំណើរតាមផ្លូវផងដែរ។
ក្នុងឱកាសនោះដែរ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវដែលមិនបានពាក់ម៉ាស កម្លាំងបានចែកម៉ាសជូនគាត់ និងបានណែនាំពួកគាត់បន្ថែមឲ្យយល់ដឹងពីផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ សុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជប់ខ្ជូន។




