ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០ នាទីនៅចំណុចភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការណ៍ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ដែលក្នុងនោះមានអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ចុះប្រតិបត្តិការបង្ក្រាបករណីលួច (យកម៉ូតូ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ ៣៩ឆ្នាំមានទីលំនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្រៅពីនោះបានដកហូតវត្ថុតាងមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AJ-6425 (ជារបស់ជនរងគ្រោះ) ទៀតផង។
សូមជម្រាបជូនថាកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១៤និង៣០នាទី នៅ ចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ លីន បូរុំ ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AJ-642 5 ទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូល មកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត បានឈានទៅស្វែងរកឃើញ ជនប្រព្រឹត្តិល្មើស និងបានធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នវត្ថុតាងបានប្រគល់ឱ្យ ទៅជនរងគ្រោះវិញចំណែកជនសង្ស័យ ការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕