ឆ្លងចរន្តអគ្គិសនី ពីទូរអេធីអឹម(ATM) បណ្ដាលឱ្យឆេះ ហាងពីរជាប់គ្នា នៅខណ្ឌទួលគោក

0

ភ្នំពេញ​៖ នៅវេលាម៉ោង​ ០១ និង១០ នាទី​ រំលងអាធ្រាត្រ ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែង​ បានកើតឡើងនៅផ្ទះលេខ ៤៨​ ផ្លូវ​ ២៨៩​ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមការរៀបរាប់​របស់លោក សុីន ថតថារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងមូលហេតុអគ្គីភ័យ បង្កឲ្យមានភាពភ្ញាក់ផ្អើលនោះ បណ្តាលមកពី​ឆ្លងចរន្តអគ្គិសនីពី ទូរអេធីអឹម(ATM) ។

ករណីអគ្គិភ័យខាងលើធ្វើឱ្យខូចខាតទូរអេធីអឹម(ATM) ទាំងស្រុង ឆេះផ្លាកឈ្មោះហាងចំនួន ២ (ហាង PEZZO និងហាង Peaeh Tea ប្រហែល៥០% ) នឹងពុំបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏គ្មានអ្នក របួសនិងស្លាប់ផងដែរ ។

ក្រោយពីកើតហេតុ រថយន្តការិយា​ល័យ​អគ្គិភ័យ​ បានមកដល់ចំនួន៦​គ្រឿង​ ហើយប្រេីប្រាស់ទឹកអស់ចំនួន៣រថយន្ត ស្មើ​នឹង​១២ម៉ែត្រគូប ចំពោះអគ្គីភ័យនេះ ត្រូវគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង​១និង៥០នាទី​ រំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល ៕