បញ្ជូនមេខ្យល់​២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន ខុសច្បាប់

0

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ ​ត្រូវកម្លាំងនគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពរអនីតិជន ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់​ ៖

ទី១-ឈ្មោះ​ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
ទី២-ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់ តាមបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល​ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អសាលាដំបូងខេត្តបន្តាយមានជ័យ។

បើតាមរបាយការណ៍ របស់វរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៩១១ បានបញ្ជាក់ថាជនសង្ស័យ ទាំង០២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្ម ក្នុងករណីនាំមនុស្ស ឆ្លងដែន ដោយខុសច្បាប់។

លោកអធិការស្តីទី បានបញ្ជាក់ថា តាមការសួរនាំ ជនសង្ស័យទាំង០២នាក់ បានសារភាពថា នៅមុនពេលចាប់ខ្លួន ពួកគេទាំង០២នាក់ មានឈ្មោះខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទ ឲ្យជួយឃ្លាំចាំមើលផ្លូវ សមត្ថកិច្ច ព្រោះគាត់ចង់នាំកូន របស់គាត់៣នាក់ ស្រី០២នាក់ ឲ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេច ឈ្មោះខា នោះ បានសន្យាឲ្យថ្លៃ មើលផ្លូវម្នាក់២០០បាតទៅ៣០០បាត ។ ប៉ុន្តែដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើល ឈ្មោះខា ពេក ឈ្មោះខានោះ មិនហ៊ាន ក៏នាំកូនគាត់ទាំង០៣នាក់ ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នា ត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រ ពីមាត់អូរព្រំដែន ត្រូវនគរបាលចាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ឡាយ នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះឡូញ លេម និងឈ្មោះសែន សំណាងហៅកែ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ ៕