ភ្នំពេញ៖ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ ដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធចំនួន៣គ្រាប់។ ហេតុការណ៍ផ្ទុះអាវុធនោះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១នឹង៣០នាទី រំលងអាធ្រាត្រ នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលជនជាតិចិន បានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភា្លម លោកបានបញ្ជាកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុំព័ទ្ធ បន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង០៦នឹង៣០នាទី ព្រឹក ទើបធ្វើការឃាត់ខ្លួន បានជនប្រដាប់អាវុធ ដែលជាជនជាតិចិននោះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថាជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326, បង់កាំភ្លើង០១, គ្រាប់កាំភ្លើង៤៤គ្រាប់, សំបកកាទុស០៣គ្រាប់, ស្រោមកាំភ្លើង០១, កាំភ្លើងបាញ់ឆក់០១, ខ្នោះដៃ០១គូរ, កូនកាំបិតស្នៀត០២, ស្បែកជើងកវែង០២គូរ, ទូរស័ព្ទដៃ ០២គ្រឿង, លិខិតឆ្លងដែន០២ក្បាល។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕