ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ៥នាក់ (ជនជាតិខ្មែរ ១នាក់ វៀតណាម ៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦ គ.ក្រ នៅរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ គឺអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត(បឹងស្នោ)សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៥នាក់៖ ១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡេ វ៉ាន់ឌឿត(LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម។ ៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម។ ៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម។ ៥-ឈ្មោះ ហ្វង័ ង៉ុកហាន(HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។
វត្ថុតាងចាប់យកបាន: ១-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២.០៤ក្រាម។ ២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។ ៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០.៧៦ក្រាម។ ៤-កេតាមីន(KETANINE)ទម្ងន់សុទ្ធ ១១២.៨១ក្រាម ។ សរុបសារធាតុញៀន ទម្ងន់ 156 kg 399.61g ។ ៥-សារធាតុគិមីផ្សំ(រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨.២៥ក្រាម ។
សម្ភារៈ មធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន៖ ទូរស័ព្ទ ៤គ្រឿង, ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន ២គ្រឿង, ក្រឡុកសារធាតុញៀន ចំនួន ៦គ្រឿង, ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ, វេចខ្ចប់សារធាតុញៀន ១គ្រឿង ៕