ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាចន្លោះម៉ោង ២និង៣០នាទី ទៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កើតមានករណីលួចរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2BI-5091 ជាកម្មសិទ្ធិរបស់ឈ្មោះ ប្រាក់ ចាន់ នៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានលួចរថយន្តម៉ាក សាំយ៉ុងខាងលើទៅបាត់ លុះព្រឹកឡើងក៏បានទៅប្ដឹងកម្លាំងសមត្ថកិច្ច ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញា ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនូវករណីខាងលើ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖ ១. ឈ្មោះ ចាន់ ជី ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្រាំងទិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ២. ឈ្មោះ ឪ ដារ៉ា ហៅ រិទ្ធ ភេទប្រុស៣៤ឆ្នាំ នៅភូមិត្រពាំងក ឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៣. ឈ្មោះ ខាត់ ទាំង ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិស្ទុកក្រោល ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ៤. ឈ្មោះ ប៉ក់ មេត្តា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ៥. ឈ្មោះ ឆេង រា៉ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិឬស្សីជួរត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រថយន្តចំនួន ២គ្រឿង៖ ១. រថយន្ត ម៉ាកសយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ.2BI.5091 និង២. រថយន្ត ម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ.2AA.2100 ។
ករណីនេះ កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យរួម និង វត្ថុតាង អនុវត្តតាមនីតិវិធី ៕