ចប់! ជិះសុទ្ធតែឡានស្លាកលេខ ខម បែរជាទៅលួចគោអ្នកជិតខាង យកលក់ទៅវិញ

0

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ កាលពីរសៀលថ្ងៃទី២១ កក្កដា បានទទួលពាក្យបណ្ដឹងពីម្ចាស់គោថា មានជនម្នាក់លួចទាក់គោញី របស់ខ្លួនមួយក្បាលយកទៅលក់។

ម្ចាស់គោឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យឈ្មោះ ងឹន សុខ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

ក្រោយទទួលបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវទើបដឹងថា គោញី១ក្បាល ដែលឈ្មោះ ងឹន សុខ បានទាក់យកទៅលក់ឱ្យឈ្មោះ ប៉ោង ហ៊ាប ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទាក់គោញី របស់គេយកទៅលក់ឱ្យឈ្មោះ ប៉ោង ហ៊ាប ក្នុងតម្លៃ ២.៥០០.០០០រៀល មែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕