ឌឺនោះឌឺ! រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន៦០នាក់ ក្រោយចូលរួមបុណ្យសព មួយកន្លែង នៅស្រុកស្ទឹងហាវ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្បសព ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះ មានចំនួន ៦០នាក់ហើយ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានករណីប្រជាពលរដ្ឋម្នាក់ បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល០៥ខែមកហើយ សពមានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសព មិនទាន់អនុញ្ញាតឱ្យ ធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមាន ទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ តែក្នុងករណីរកឃើញ វិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សព ទៅបូជា តាមគោលការណ៍ របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធ ត្រូវយកសំណាកទាំងអស់គ្នា។ បន្ទាប់មកក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាក សាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញមាន(វិជ្ជមាន)កូវីដ-១៩ និងបានវេចខ្ចប់សាកសព យកទៅបូជាតាមវិធានសុខាភិបាល នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាត ឱ្យរៀបចំពិធីបុណ្បសពនោះទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួនឆ្លៀតទៅ ចូលបុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យ មានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។

សកម្មភាពនេះ សបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួម អនុវត្តត្រឹមត្រូវ តាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនេះ។

ឆ្លងតាមរយៈបទពិសោធន៍ ដ៏អាក្រក់នេះ អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិន័យ និងវិធានការច្បាប់ ចំពោះបុគ្គល ដែលមិនអនុវត្តតាមការណែនាំ ដោយគ្មានការលើកលែងនោះឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ៕