ទើបចេញពីគុកបាន២ខែ មិនកែខ្លួន​ចេញ ឆក់ទៀត

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១និង២០នាទី ដោយបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ហែម សុខអៀង ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើងត្រង់ចំណុចក្រុមទី ១៩ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លុះដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស៊ើបអង្កេតស្រាវជ្រាវឃាត់ជនសង្ស័យចំនួន ០២នាក់ត្រង់ចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកមកអនុវត្តន៍តាមនីតិវិធី ។

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យទាំង០២រួមមាន ៖ ១.ឈ្មោះ សឺម សីហា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ រស់ សុផានិត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចុងឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ចំណែកឯសម្ភារៈបាត់បងរួមមាន៖ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ប្រាក់ខ្មែរចំនួន ៩០,០០០រៀល (ប្រាំបួនម៉ឺនរៀល) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ ជារបស់ជនរងគ្រោះ ។

ប្រភពដដែលបានបន្តថា ៖ ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន និងដកហូតសម្ភារៈជាវត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ ចំនួន០១គ្រឿង ដែលជិះធ្វើសកម្មភាព
-មួកសុវត្តិភាព ពណ៍ខ្មៅ ចំនួន០១
-ស្បែកជើងផ្ទាត់ ម៉ាកខេមបូ ពណ៍ខៀវ ចំនួន០១គូរ ។

សូមបញ្ជាក់អោយដឹងថា ជនសង្ស័យទាំងពីរនាក់ជាមុខសញ្ញាទើបចេញពីពន្ធនាគាររយៈ២ខែ ក្នុងករណីឆក់តាមដងផ្លូវ តែខ្លួនរាងចាល នៅតែប្រព្រឹត្តិសកម្មភាព ដដែលពេលចេញ ពីពន្ធនាគារ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកសាងសំណុំងរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕