ភ្នំពេញ៖ គ្រឿងញៀន ជាង៧តោន ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង និងខេត្តតាកែវ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំពិធីដុតបំផ្លាញ នៅដីឡូត៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ ក្រោមអធិបតីជួន សុវណ្ណ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួម ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
យោងតាមរបាយការណ៍អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលក្នងទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕






