ចេញប្លន់៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី បែរជាអស់លក្ខណ៍ ដោយសារ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ

0

ភ្នំពេញ៖ កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះ វាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មាន ដោយផ្ទាល់ ដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញ ក្តាប់ព័ត៌មានថា មានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការ ស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ ការឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាក់ស្តែង នៅចំណុចដីវាលទុកចោល មួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិការ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន ៣ គ្រឿង៖
– ម៉ាកសង់ C125 ,021ពណ៍ ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ដែលឃាត់ខ្លួនបាន),
– ម៉ាកសង់ C125,020 ក្រហម ពាក់ស្លាកលេខ 1IC,6209 (ជារបស់ជនសង្ស័យរត់ចោល),
– ម៉ាកសង់ C125 ,020 ពាក់ស្លាកលេខ ព្រៃវែង 1R 9039 (សមត្ថកិច្ចក្តាប់បានថា ជាម៉ូតូ របស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១)។

ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ៖
១/ឈ្មោះ ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ទេព ពេញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក០៥នាក់ទៀតគឺ ទី១ឈ្មោះ អាត្រេន, ទី២ឈ្មោះ អាសំអន, ទី៣ឈ្មោះ អាកាយ, ទី៤ឈ្មោះ អារៈ និងទី៥ឈ្មោះ អាព្រលិត តែងតែធ្វើសកម្មភាព ពួនស្ទាក់វាយប្លន់ជនរងគ្រោះ នៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់ បានធ្វើសកម្មភាព វាយប្លន់នៅផ្លូវ៥១ ខេត្តទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព វាយប្លន់ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមក គឺធ្វើសកម្មភាពវាយប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយ គឺបានវាយប្លន់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ( អាកាយ) ជាអ្នកធាក់ ទៅលើជនរងគ្រោះ បណ្តាលអោយដួល រួចជនរងគ្រោះបានរត់ទៅកន្លែង ទិញអេតចាយក្បែរនោះ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (អារៈ) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន។

រាល់ការចេញវាយប្លន់ មួយលើកៗ គឺពួកខ្លួនតែងរត់គេចរួច ដោយសុវត្ថិភាព ស្រាប់តែ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈពួក ខ្លួនបានទៅអង្គុយផឹកស៊ី ជុំគ្នាលេង នៅចំណុចដីវាលមួយកន្លែង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដល់ម៉ោងប្រហែល ១៨:៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ច អាវុធហត្ថខណ្ឌកំបូល បានមកដល់ធ្វើការដេញចាប់ ពួកខ្លួន បាន០២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទាន់។

ជាមួយការបង្ក្រាប ជនសង្ស័យទាំង០២នាក់នេះ ផងដែរ សមត្ថកិច្ចអាវុធហត្ថ បានប្រើឧបករណ៍តេសរហ័ស Rapit Test ពិនិត្យជនសង្ស័យ រកឃើញ វិជ្ជមានកូវីត១៩ ចំនួន១នាក់គឺ ឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខាន បន្ថែមដល់ និតិវិធី របស់សមត្ថកិច្ច។

បច្ចុប្បន្នម៉ូតូ របស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម៉ាក ហុងដា សេ១២៥ (លេខតួ ND125M5727548 / លេខម៉ាស៊ីន ND125ME5727548) ត្រូវបានជនសង្ស័យ យកទៅប្តូរពណ៌ ពីពណ៌ខ្មៅ មក ជាពណ៌ខ្មៅលាយស ។ រីឯម្ចាស់ម៉ូតូ អាវុធហត្ថ មិនទាន់ បានស្គាល់និងទាក់ទង បាននៅឡើយទេ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ​នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមការគួរ៕