ទីបំផុត! ជើងខ្លាំងជំនាញខាងឆក់ កក្រើកក្រុងតាខ្មៅ និងភ្នំពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបានហើយ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដេញបង្ក្រាបជើងខ្លាំងជំនាញខាងឆក់ កក្រើកក្រុងតាខ្មៅ និងភ្នំពេញបានហើយ ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចេញ ឆក់កាបូពីនារីម្នាក់ កាលពីម៉ោង ៩៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន BIM ។ ចំណែកជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ផ្លាកលេខភ្នំពេញ 1IS.3509 (របស់ជនសង្ស័យជិះធ្វើសកម្មភាព), កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១ (របស់ជនរងគ្រោះ), កាបូបដៃពណ៌ឈាមជ្រូកចំនួន១ (របស់ជនរងគ្រោះ), ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកiphone.Xs maxពណ៌មាស និងម៉ាក meitu ពណ៌សលាយផ្កាឈូក) របស់ជនរងគ្រោះ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ កំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធ ដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែងធ្វើការនៅភ្នំពេញ ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ ១គ្រឿង មកពីក្រោយដល់ទន្ទឹមរួចធ្វើសកម្មភាព ឆក់កាបូបយួរដៃរបស់ជនរងគ្រោះ កាន់ដាក់លើភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូ ដេញតាមស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ជួយអន្តរាគមន៍ដេញស្ទាក់ ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ២៩៦ ដកបចខចេញដោយចៅក្រមស៊ើបសួរ ជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០​ ពីបទ​ លួច​ មានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅភូមិតាខ្មៅ​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​២៣​ ខែមីនា​ ឆ្នាំ​២០២០​ ៕